ស្ត្រីជនជាតិចិនម្នាក់ ដែលបានដើរស្រែកយំ ហើយប្រាប់អ្នកសារព័ត៌មានថា គាត់ត្រូវបានចោរឆក់ ជាព័ត៌មានមិនពិត
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីស្ត្រីជនជាតិចិនម្នាក់ ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ត្រូវបានចោរឆក់កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ជាព័ត៌មានមិនពិត ជាក់ស្តែងមិនមានករណីឆក់កើតឡើងដូចស្ត្រីចិនរូបនេះលើកឡើងឡើយ ។
បន្ទាប់ពីធ្វើការសហការស្រាវជ្រាវ រវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ការិយាល័យអនុវត្តនីតិវិធីនៃផែនអន្តោប្រវេសន៍ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញស្ត្រីជនជាតិចិនឈ្មោះ ZHAO YUNYAN ហើយបាននាំយកមកធ្វើការសាកសួរ និងបំភ្លឺចំពោះករណីដែលគាត់បានលើកឡើងថា មានករណីចោរឆក់កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រោយពីធ្វើការសាកសួរ ស្ត្រីរូបនេះបានសារភាពថាមិនមានករណីឆក់កើតឡើងមកលើរូបគាត់នោះទេ ដោយសារតែគាត់ចង់បានលុយដើម្បីត្រឡប់ទៅប្រទេសចិនវិញ ទើបប្រឌិតរឿងនេះឡើង ។
ម្យ៉ាងវិញទៀតដោយមានការសង្ស័យថាស្ត្រីរូបនេះប្រើប្រាស់សារធាតុញៀន មន្ត្រីជំនាញបានធ្វើតេស្តស្ត្រីជនជាតិចិនរូបនេះ ជាលទ្ធផលបានបង្ហាញថាគាត់ពិតជាបានប្រើប្រាស់សារធាតុញៀនពិតប្រាកដមែន ។
ពេលនេះសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប៉ុស្តិ៍នគរបាលរដ្ឋចតុមុខ នៃអធិការដ្ឋាននគបាលខណ្ឌដូនពេញ កំពុងរៀបចំឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការណ៍ពីថ្នាក់ដឹកនាំ ត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា ។
ដើម្បីចូលរួមសហការទប់ស្កាត់ព័ត៌មានមិនពិត មុននឹងធ្វើការចុះផ្សាយទាក់ទងទៅនឹងករណីអ្វីមួយដែលមិនមានប្រភពច្បាស់លាស់ សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីកុំឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសការចុះផ្សាយព័ត៌មានមិនពិតមួយចំនួន អាចក្នុងគោលបំណងអាក្រក់ដើម្បីបំពុលបរិយាកាសសង្គមផងដែរ ។
សូមបញ្ជាក់ថា ជាក់ស្តែងរហូតមកដល់ពេលនេះ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មិនទាន់អាចកំណត់ថា មានករណីឆក់ដូចសារព័ត៌មានមួយចំនួនចុះផ្សាយនៅឡើយទេ។
កាលពីថ្ងៃទី១៤ ខែតលា ឆ្នាំ២០២០ វេលាម៉ោង ២៣និង៣០ នាទី មានករណីស្ត្រីជនជាតិចិនខាងលើនេះបានមកស្រែកយំនៅចំណុច ផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវសុរាម្រិត ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានចុះទៅដល់កន្លែងកើតហេតុនិងបានធ្វើការសួរនាំស្ត្រីជនជាតិចិន តាមរយៈអ្នកបកប្រែដែលនៅកន្លែងកើតហេតុខាងលើ បានប្រាប់មកវិញថា ស្ត្រីជនជាតិចិនខាងលើនេះ ត្រូវបានចោរឆក់កាបូបតាំងពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានហៅស្ត្រីជនជាតិចិនខាងលើឲ្យទៅចង្អុលកន្លែងកើតហេតុ ដើម្បីទទួលពាក្យបណ្ដឹង និងបន្តស្រាវជ្រាវរកជនសង្ស័យប៉ុន្តែជនជាតិចិនខាងលើ មិនព្រមសហការជាមួយកម្លាំងសមត្ថកិច្ច និងនៅតែឈរយំដដែល ក្រោយមកក៏មានបុរសជនជាតិចិន ២ នាក់ ពុំស្គាល់ឈ្មោះ និងអត្តសញ្ញាណ បានមកនិយាយជាមួយស្ត្រីជនជាតិចិនខាងលើ រួចហើយស្ត្រីជនជាតិចិនក៏បានឡើងជិះម៉ូតូកង់បីឥណ្ឌា ចេញទៅបាត់ជាមួយនិងបុរសជនជាតិចិននោះបាត់តែម្តង ដោយពុំបានដាក់ពាក្យបណ្តឹងឡើយ ទោះជាយ៉ាងណាសមត្ថកិច្ចនៅតែបន្តស្វែងរកស្ត្រីជនជាតិចិន ដើម្បីសួរនាំបន្ថែមឲ្យដឹងច្បាស់ពីការពិតលើករណីនេះ ៕