កំណាត់ផ្លូវជាតិលេខ២ មានការខូចខាតទាំងស្រុងនិងផ្លូវលេខ២០A ឬ ផ្លូវលេខ១០៤ នៃមូលដ្ឋានខណ្ឌដង្កោ ក្រោយពីទឹកស្រកខូចអស់ហើយ
ភ្នំពេញ ៖ យើងដឹងហើយថា មួយរយៈពេលកន្លងទៅនេះ គ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង បានហូរគ្របដណ្តប់រាជធានី ខេត្ត មួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដែលបណ្តាលអោយផ្ទះសម្បែង ភូមិ ផលដំណាំរបស់ប្រជាកសិករជាច្រើនបានទទួលផលប៉ះពាល់យ៉ាងខ្លាំង ។
ក្រោយពីទឹកស្រកអស់ទៅវិញ ចនាសម្ព័ន្ធ ផ្លូវ ថ្នល់ជាច្រើនខ្សែមានការខូចខាតស្ទើរគ្រប់ទីកន្លែង ដែលមិនអាចធ្វើដំណើរទៅមកបានឡើយ ។
ដោយឡែកបើយើងក្រឡេកមកមើលភូមិសាស្ត្រមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញថា ផ្លូវជាតិលេខ២ និងផ្លូវលេខ២០A ឬ ផ្លូវលេខ១០៤ ស្ថិតនៅភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ខាងលិចរង្វង់មូលកួរស្រូវ ក្បែរបុរីពិភពថ្មី៣ បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀងហូរកាត់នេះ ។
ជាក់ស្តែង សូមពិនិត្យមើល រូបភាពអំពីស្ថានភាពផ្លូវ ដែលក្រុមការងារCENបានចុះទៅយកព័ត៌មានពីកន្លែងនិង ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រោយពីទឹកស្រកអស់ទៅវិញ បានបង្ហាញថា ផ្លូវនៅទីតាំងខាងលើ ត្រូវបានទឹកហូរច្រោះ បណ្ដាលឲ្យដាច់ខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ចំពោះបញ្ហាការខូចខាតនូវស្ថានភាពផ្លូវនេះ អាជ្ញាធរជំនាញពាក់ព័ន្ធ កំពុងចុះពិនិត្យ វាស់វែង ដើម្បីបញ្ជាក់ឲ្យច្បាស់អំពីតួលេខពិតប្រាកដ ៕