ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ

97

 

ភ្នំពេញ៖
រដ្ឋបាលរាជធានីភ្នំពេញ ថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសគម្រប់ខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ។

នាទិវាដ៏មហានក្ខត្តឬក្សវិសេសវិសាល ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទសម្ដែងថ្វាយ នូវមនោសញ្ចេតនារំភើបរីករាយ យ៉ាងក្រៃលែង ក្នុងឱកាសគម្រប់ខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នេះ។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងនូវអំណរសាទរប្រកបដោយ ក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ថ្វាយចំពោះ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលក្នុងព្រះបរមនាម ជាអង្គក្សត្រប្រកបដោយទសពិធរាជធម៌ ព្រះអង្គបានយកព្រះទ័យទុកដាក់អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ បំពេញ នូវព្រះរាជបេសកកម្ម និងព្រះរាជសកម្មភាព ជាច្រើន រួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រទេសជាតិនៅតែ រក្សាបាន សន្តិភាព និងមានវឌ្ឍនភាពលើគ្រប់វិស័យ ព្រមទាំងបាននាំមកនូវភាពសុខដុមរមនាជូនប្រជារាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋាន។ ស្ថិតក្នុងឱកាស ដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ និងសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា
ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬទិ្ធបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមជួយបីបាច់ថែរក្សា អភិបាលបោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាថ្លៃវិសេស សូមព្រះអង្គសមប្រកបដោយព្រះពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។ សូមព្រះករុណាថ្លៃវិសេសជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនាការ ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង