អបអរសាទរ និងសប្បាយរីករាយ ក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១
ភ្នំពេញ ៖ នៅលើផេកហ្វេសប៊ុកផ្លូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្សព្វផ្សាយព័ត៌មានថា ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ថ្វីត្បិតតែយើងមិនមានពិធីប្រណាំងទូកនៅទីក្រុងភ្នំពេញក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋអាចកម្សាន្តសប្បាយរីករាយ នៅតាមបណ្ដាខេត្តនានា ទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ក៏ដូចជាបង្ការការពារការចម្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវការណែនាំរបស់ក្រសួងសុខាភិបាល។
សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយក្នុងក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យនេះ នៅទូទាំងប្រទេស៕