បង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីអំពាវនាវស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី៣០-៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងនូវការកោតសរសើរប្រកបដោយក្តីមោទនភាពជាទី បំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវ ដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក យ៉ាងផុលផុសក្នុងពេលធ្វើចរាចរណ៍ រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យ សម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាពេលកន្លងទៅ។
ក្នុងឆ្នាំ២០២០នេះ អាស្រ័យដោយប្រទេសជាតិមានសន្តិភាព ការខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍របស់សមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក បានជំរុញឱ្យចំនួនគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរងរបួសមានការថយចុះ បើប្រៀបធៀបរយៈពេល ៩ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ថយចំនួន ២៣% ស្លាប់ថយចំនួន ១៧% និងរបួសថយ ២២% ភាគច្រើនជនរងគ្រោះចំនួន៧៣% ជា អ្នកជិះទោចក្រយានយន្តមិនពាក់មួកសុវត្ថិភាព។
ដើម្បីទប់ស្កាត់ និងកាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ជាមួយនឹងការខិតខំទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង និងខ្យល់ព្យុះ និងត្រៀមស្តារឡើងវិញនូវភាពរងគ្រោះជាសកល ក្នុងឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវ ដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០-៣១ ខែតុលា និងថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២០ ដូចខាងក្រោម៖
១-មិនត្រូវបើកបរលើសល្បឿនកំណត់ ជាដាច់ខាត។
២-មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។
៣-មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
៤-មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។
៥-មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។
៦-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។
៧-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
៨-ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។
៩-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ។ល។
១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែងនូវសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវ គ្រប់រូបនឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវ សុវត្ថិភាព ក្នុងឱកាសពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ សំដៅធានាឱ្យមាន សុភមង្គល ជីវភាពរុងរឿងក្នុងសង្គមដែលមានការអភិវឌ្ឍ និងសុខសន្តិភាព តរៀងទៅ៕