ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ្វីលីពីនបញ្ជាឲ្យជម្លៀសប្រជាជន ទៅរកកន្លែងសុវត្ថិភាព ខណៈព្យុះទីហ្វុងសាហាវបំផុតប្រចាំឆ្នាំ២០២០ ជិតមកដល់

112

ព្យុះទីហ្វុងកម្រិតទី ៥ ជាកម្រិតអាក្រក់បំផុតប្រចាំឆ្នាំ២០២០នេះ មានឈ្មោះថា ហ្គោនី (Goni) ដែលមានល្បឿនខ្យល់បោកបក់រហូតដល់ ២១៥គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបង្កើនសន្ទុះដល់ ២៦៥គីឡូម៉ែត្រក្នុងមួយម៉ោងនោះ នឹងរំកិលមកដល់តំបន់ភាគខាងត្បូងកោះ លូហ្សុន នៅថ្ងៃអាទិត្យស្អែកនេះ។ វាត្រូវបានចាត់ទុកថា ជាព្យុះអាក្រក់បំផុត ដែលហ្វីលីពីនមិនធ្លាប់ជួបប្រទះនោះឡើយ គិតចាប់តាំងពីខ្យល់ព្យុះហៃយ៉ាន (Haiyan) ដែលបានបោកបក់ និងសម្លាប់ប្រជាជនហ្វីលីពីនជាង ៦,៣០០នាក់កាលពីឆ្នាំ២០១៤។

ជុំវិញគ្រោះមហន្តរាយដែលនឹងមកដល់ឆាប់ៗនេះ វិទ្យុហ្វីលីពីន DZBB បានប្រកាសប្រាប់ប្រជាជនរបស់ខ្លួនថា «កម្លាំងនៃព្យុះទីហ្វុង Goni គឺមិនមែនជារឿងលេងសើចនោះឡើយ» ហើយអាជ្ញាធរនៅតាមបណ្តាខេត្តក្នុងតំបន់កោះ លូហ្សុន ដូចជា កាម៉ារីនស៍ ណត (Camarines Norte) និង កាម៉ារីនស៍ សួ (Camarines Sur) ជាដើម ត្រូវតែជម្លៀសប្រជាជនជាបន្ទាន់ ទៅរកទីកន្លែងដែលមានសុវត្ថិភាព។

គួរបញ្ជាក់ថា ព្យុះទីហ្វុងខាងលើនេះ នឹងវាយប្រហារប្រទេសហ្វីលីពីន បន្ទាប់ពីប្រទេសដីកោះមួយនេះ ទើបទទួលរងការវាយលុកពីព្យុះទីហ្វុង ម៉ូឡាវ (Molave) ដែលបានផ្តាច់ជីវិតមនុស្សរហូតដល់ទៅ ២២នាក់ និងមួយចំនួនទៀតបន្តបាត់ខ្លួន រកពុំទាន់ឃើញអស់ផង។ Goni នឹងក្លាយជាព្យុះកំណាចទី ១៨ ដែលបោកបក់មកលើហ្វីលីពីនក្នុងឆ្នាំនេះ៕

អត្ថបទដែលជាប់ទាក់ទង