ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រើយន្តហោះដ្រូនបំពាក់គ្រឿង​ផ្ទុះធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡា នៅ​ក្នុង​ពីធី​ដង្ហែរ​​​ក្បួន​​​ព្យុហ​​យាត្រា​​​យោធា

131


ការ៉ាកាស់៖ មន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡា បានឲ្យដឹងថា ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ បានទទួលរងការប៉ុនប៉ង​វាយ​ប្រហារ​ តាមរយៈឧបករណ៍ដ្រូន (Drone) ដែលបំពាក់គ្រឿងផ្ទុះ នាអំឡុងពេលកំពុងថ្លែងសារ នៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រាមួយ នៅឯ​រដ្ឋ​ធានីការ៉ាកាស់។ សូមទស្សនាវិដេអូ ដែលចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ និង CGTN នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨នេះ។​

យោងតាមរដ្ឋមន្រ្តីក្រសួងព័ត៌មានរបស់វេណេស៊ុយអេឡា លោក Jorge Rodriguez បានប្រកាសថា ការប៉ុនប៉ងលើអាយុជីវិត​របស់​លោក​ប្រធានាធិបតីវេណេស៊ុយអេឡា ពុំទទួលបានជោគ​ជ័យឡើយ ហើយ​លោក ម៉ាឌូរ៉ូ ផ្ទាល់មិនបានរងគ្រោះថ្នាក់នោះទេ និងត្រូវបាន​កងការពារជម្លៀសខ្លួនចេញពីវេទិកាថ្លែងសារ​ជា​បន្ទាន់​ ខណៈ​​កងទ័ពចំនួន​​៧នាក់បានរងរបួស។

ផែនការខាងលើបានទទួលបរាជ័យ គឺដោយសារកម្លាំងការពារ បាន​បាញ់​ទម្លាក់​​ឧបករណ៍ដ្រូន​មួយគ្រឿង ដែលបានព្យាយាមវាយប្រហារមកលើកន្លែងកើតហេតុ ជាទីដែល​​មន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡា រួមមាន​ទាំង​លោក នីកូឡាស់ ម៉ាឌូរ៉ូ មានវត្តមាន។ ជុំវិញរឿងនេះលោក ម៉ាឌូរ៉ូ បានទម្លាក់កំហុសទៅលើ​ក្រុមស្តាំនិយមថា ជាអ្នកនៅពីក្រោយ​ខ្នង​​​។

គួរបញ្ជាក់ថា៖បើតាមសកម្មភាពក្នុងវីដេអូនៃព្រឹត្តិការណ៍ព្យុហយាត្រាខាងលើ បានបង្ហាញឲ្យឃើញថា លោកប្រធានាធិបតីវេណេស៊ុយ​អេឡា កំពុងតែ​ថ្លែងសុន្ទរកថាសុខៗ ស្រាប់តែ​លោក​និង​មន្រ្តីឯទៀត​ដែលឈរនៅក្បែរនោះ បានងើយមើលទៅលើ ស្របពេល​ដែល​អ្នកចូលរួមក្នុងពិធីព្យុហយាត្រា បានរត់យ៉ាងប្រសាចចេញពីកន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង