ទឹកជំនន់បានបំភ្លេចបំផ្លាញ ផ្លូវអស់២៩ខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ភ្នំពេញ៖ ផ្លូវប្រមាណជា២៩ខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានទទួលរងការខូចខាតក្រោយពីទឹកជំនន់បានជន់លិចតំបន់មួយចំនួននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញពិសេសនៅតំបន់ជាយក្រុង ដោយ ផ្លូវខ្លះ ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនិងផ្លូវខ្លះទៀតទទួលរងការខូចខាតជាមធ្យម ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីផ្លូវទាំង២៩ខ្សែនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការជួសជុលឡើងវិញជាបណ្តើរៗហើយ ដើម្បីដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍បណ្ដោះអាសន្ន។
នេះបើតាមការបញ្ជាក់ពីលោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំនេះ។
លោកសាំ ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងថាក្រោយពីទឹកជំនន់បានវាយលុកមកលើភូមិសាស្ត្ររាជធានីភ្នំពេញ បានធ្វើឲ្យផ្លូវចំនួន២៩ខ្សែបានទទួលរងការខូចខាត ក្នុងនោះអាជ្ញាធររាជធានីភ្នំពេញបានធ្វើការជួសជុលដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរខ្លះហើយ ដូចជាផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ ៣ ផ្លូវព្រៃស និងផ្លូវលេខ ២០A ចាប់ពីរង្វង់មូលកួរស្រូវ ខណ្ឌដង្កោ ដល់ស្រុកកណ្តាលស្ទឹង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់ ត្រូវបានជួសជុលរួច និងដាក់អោយចរាចរជាបណ្តោះអាសន្ន។ ផ្លូវលេខ ២១៧ ចាប់ពីស្ពានព្រែកជ្រៃ ដល់រង្វង់មូលកួរស្រូវ បានដាក់អោយចរាចរចំពោះរថយន្តទេសចរ ត្រីចក្រយានយន្ត និងទោចក្រយានយន្ត លើកលែងរថយន្តដឹកជញ្ជូនធុនធ្ងន់។
លោកបន្តថា ចំពោះផ្លូវជាតិលេខ ៤ បាននិងកំពុងជួសជុល និងដាក់អោយចរាចរយានយន្តគ្រប់ប្រភេទ ឯទំនប់ស្ទឹងព្រែកត្នោតក្នុងសង្កាត់ស្ពានថ្ម ក៏បាននិងកំពុងជួសជុល និងអាចធ្វើចរាចរជាធម្មតាឡើងវិញផងដែរ។
ក្រៅពីនេះសួនច្បារប្រវែងប្រមាណជា៣គីឡូម៉ែត្រក៏បានទទួលរងការខូចខាតដោយទឹកជំនន់នេះផងដែរដែលសួនច្បារទាំងនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងធ្វើការជួសជុលឡើងវិញផងដែរ៕