តុលាការ សម្រេចបង្កកទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាពជាប់ឈ្មោះក្នុងបញ្ជីនៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិលេខ១៧១៨ (២០០៦)
ភ្នំពេញ៖ ដីកាសម្រេចបង្កកទ្រព្យសម្បត្តិលេខ ១១ ចុះថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២០ របស់ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្កកទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាពជាប់ឈ្មោះក្នុងបញ្ជីនៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិលេខ១៧១៨ (២០០៦)អនុម័តនៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០០៦ ,លេខ ១៨៧៤ (២០០៩) អនុម័តនៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០០៩,២០៨៧ (២០១៣) អនុម័តនៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៣ ,២០៩៤ (២០១៣) អនុម័តនៅថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៣,២២៧០ (២០១៦) អនុម័តនៅថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៦,២៣២១(២០១៦) អនុម័តនៅថ្ងៃទី ៣០ ខែ វិចិ្នកា ឆ្នាំ ២០១៦ ,២៣៧១ (២០១៧) អនុម័តនៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៧,២៣៧៥ (២០១៧) អនុម័តនៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៧ , ២៣៩៧ (២០១៧) អនុម័តនៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៧ និងសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់ពាក់ព័ន្ធនឹងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។
លោកពេជ្រ វិជ្ជាធរ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញយល់ឃើញថា៖
១-កម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥៥ ដូច្នេះកម្ពុជាមានភារកិច្ចអនុវត្ត នូវកាតព្វកិច្ចទាំងឡាយដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចចិត្តទាំងឡាយដែលបានចេញ ដោយអង្គការសំខាន់ៗរបស់អង្គការសហប្រជាជាតិ ។
២-យោងតាមបទបញ្ញត្តិនៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និង បទបញ្ញត្តិអនុវត្តពាក់ព័ន្ធ តុលាការត្រូវចេញដីកាសម្រេចបង្កកទ្រព្យសម្បត្តិជាបន្ទាន់ តាមខ្លឹមសារនៃសេចក្តីសម្រេចចិត្តទាំង ១១ ដែលភ្ជាប់ជាឧបសម្ព័ន្ធនៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្តី សម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បច្ចុបន្ទាប់ទៀត ក្រោយពីទទួលបានសំណើពីក្រសួងយុត្តិធម៌ ។ ដោយតុលាការទទួលបានលិខិតលេខ ១៥៥៩ យ.រប/២០ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ របស់ក្រសួងយុត្តិធម៌ ដែល មានភ្ជាប់ជាមួយនូវ សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលមានចំនួន ១១ តុលាការ បានពិនិត្យឃើញថា មានសេចក្តីសម្រេចចិត្តចំនួន ០៨ បានដាក់ទណ្ឌកម្មលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ហេតុនេះគប្បីតុលាការចេញដីកាសម្រេចតាមសំណើ ។
សម្រេចបង្កកទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាពជាប់ឈ្មោះក្នុងបញ្ជីនៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិលេខ១៧១៨ (២០០៦)អនុម័តនៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០០៦ ,លេខ ១៨៧៤ (២០០៩) អនុម័តនៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០០៩,២០៨៧ (២០១៣) អនុម័តនៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៣ ,២០៩៤ (២០១៣) អនុម័តនៅថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៣,២២៧០ (២០១៦) អនុម័តនៅថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៦,២៣២១(២០១៦) អនុម័តនៅថ្ងៃទី ៣០ ខែ វិចិ្នកា ឆ្នាំ ២០១៦ ,២៣៧១ (២០១៧) អនុម័តនៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៧,២៣៧៥ (២០១៧) អនុម័តនៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៧ , ២៣៩៧ (២០១៧) អនុម័តនៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៧ និងសេចក្តីសម្រេចចិត្ត ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក្រោយចេញសេចក្តីសម្រេចចិត្តនេះ ដោយអនុវត្ត តាមបញ្ញត្តិនៃមាត្រា៤ នៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដោយហាមឃាត់ មិនឱ្យលក់ ផ្ទេរ បំប្លែង ផ្គត់ផ្គង់ ធ្វើភតិសន្យា ធ្វើមត៌ក ធ្វើអនុប្បទាន ចល័ត ឬប្រើប្រាស់ ចំពោះទ្រព្យសម្បត្តិទាំងអស់ ដូចខាងក្រោម៖
១.១-ទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយបុគ្គល ឬអង្គភាពជាប់ឈ្មោះក្នុងបញ្ជីខាងលើ ទោះ មួយផ្នែក ឬទាំងស្រុង ដោយផ្ទាល់ ឬដោយប្រយោលក្តី ហើយមិនមែនត្រឹមតែជាទ្រព្យសម្បត្តិ ដែលអាចជាប់ជាមួយ សកម្មភាព ផែនការទុច្ចរិត ឬការគំរាមកំហែងជាក់លាក់នោះទេ ។
១.២-ទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាពតំណាង ឬស្ថិតក្រោមការដឹកនាំផ្ទាល់ពីបុគ្គល ឬអង្គភាពជាប់ឈ្មោះក្នុងបញ្ជីខាងលើ ។
១.៣-ទ្រព្យសម្បត្តិបង្វែរមកពី ឬរកបានមកពីទ្រព្យសម្បត្តិដែលបានកំណត់នៅក្នុងវាក្យខណ្ឌ ១.១ ដល់ ១.២ នៃសេចក្តីសម្រេចនេះ ។
១.៤-នាវាជាប់ឈ្មោះក្នុងបញ្ជីដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ឬគណៈកម្មាធិការ នៃក្រុមប្រឹក្សានេះ អនុលោមតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិខាងលើ ។
២-បង្គាប់មកបុគ្គលរាយការណ៍ឱ្យផ្ញើរបាយការណ៍ក្នុងរយៈពេលមិនលើសពី ៣ (បី) ថ្ងៃ អំពីការបង្កកទ្រព្យសម្បត្តិ និងរាល់ការប៉ុនប៉ងធ្វើប្រតិបត្តិការទៅលើទ្រព្យសម្បត្តិដែលបានបង្កក ជួនអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្រោយពី បានបង្កកទ្រព្យសម្បត្តិរួច ។
៣-បង្គាប់មកបុគ្គល ឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ឱ្យផ្ញើរបាយការណ៍ក្នុងរយៈពេលមិនលើសពី ៣ (បី) ថ្ងៃ អំពីការបង្កកទ្រព្យសម្បត្តិ និងរាល់ការប៉ុនប៉ងធ្វើប្រតិបត្តិការទៅលើទ្រព្យសម្បត្តិដែលបានបង្កក ជួនទៅក្រសួងយុត្តិធម៌ ក្រោយពីបានបង្កកទ្រព្យសម្បត្តិរួច ។
៤-បង្គាប់មកគាល់បុគ្គល ឬអង្គភាពដែលកំពុងកាន់កាប់ទ្រព្យសម្បត្តិដែលត្រូវបានបង្កកតាមដីកាសម្រេចនេះឱ្យបង្កកទ្រព្យសម្បត្តិទាំងនោះដោយគ្មានបង្អង់ និងដោយគ្មានជូនដំណឹងជាមុន ។
៥-ក្រសួង ស្ថាប័នត្រួតពិនិត្យ ត្រូវតាមដានបុគ្គលរាយការណ៍ស្ថិតក្រោមការត្រួតពិនិត្យរបស់ខ្លួន ដើម្បីធានាការ អនុវត្តដីកាសម្រេចនេះ យោងតាមបញ្ញត្តិនៃមាត្រា ១៦ នៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ៕