អ្នកបើកបរត្រូវមានក្រមសីលធម៌ ១០ចំណុចពេលបើកបរតាមដងផ្លូវ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះលោកជិន ប៊ុនធឿន នាយករងរដ្ឋាបាលសាលារាជធានីភ្នំពេញនិងជានាយកប្រតិបត្តិសាខា កាកបាទកបរហមកម្ពុជារាជធានីភ្នំពេញនិងលោក អ៊ាង សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ( City Bus ) រាជធានីភ្នំពេញ បានចូលរួមបេីកវគ្គអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនដល់បុគ្គលិកបើកបរចំនួន៥០នាក់ ( ស្រី១នាក់ )នៅរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ( City Bus ) រាជធានីភ្នំពេញ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ ដោយខាងសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ។
លោកនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបន្តទៀតថាដោយក្នុងនាម ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សូមថ្លែងអំណរគុណនិងកោតសរសើរចំពោះបងប្អូនក្នុងការចំណាយពេលវេលាមកចូលរួមសិក្សាស្វែងយល់វគ្គដ៏មានសារៈសំខាន់មួយនេះ ព្រោះថាអ្នកបេីកបររថយន្តក្រុងនេះហើយ គឺជាអ្នកដែលត្រូវមានទំនួលខុសត្រូវខ្ពស់បំផុតចំពោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋដែលជិះក្នុងរថយន្ត និងអ្នកធ្វើដំណើរតាមដងផ្លូវ ហេីយសូមឲ្យបងប្អូនអ្នកបេីកបរទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់និងមានក្រមសីលធម៌ចំនួន១០ចំនុច សម្រាប់សុវត្ថិភាពចរាចរណ៍ដូចខាងក្រោម ៖
១. មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត ។
២. មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដាច់ខាត ។
៣. មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀនជាដាច់ខាត ។
៤. មិនត្រូវបើកបរក្រោមស្ថានភាពងងុយដេកជាដាច់ខាត ។
៥. ត្រូវពាក់មួកសុវត្ថិភាពជានិច្ចនៅពេលជិះម៉ូតូ ។
៦. ត្រូវពាក់ខ្សែក្រវ៉ាត់ជានិច្ច ។
៧. ត្រូវប្រកាន់ស្តាំជានិច្ច ។
៨. ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ។
៩. ត្រូវចេះបើកបរច្បាស់លាស់ និងមានការយល់យោគអធ្យាស្រ័យគ្នា និងទី១០. ត្រូវប្រុងប្រយ័ត្នជានិច្ច ៕