រញ្ជួយដី នៅឥណ្ឌូណេស៊ី មនុស្ស៨២នាក់ស្លាប់
(ហ្សាការតា)៖ ការរញ្ជួយដីនៅឥណ្ឌូណេស៊ី 7.0 រ៉ិចទ័រចុងក្រោយបង្អស់: – យ៉ាងហោចណាស់មនុស្ស 82 នាក់បានស្លាប់ រាប់រយនាក់រងរបួស និងរាប់ពាន់ខ្នងបានរងការខូចខាត។
អាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៨២នាក់ បានបាត់បង់ជីវិតក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានវាយប្រហារលើកោះទេសចរណ៍ដ៏ល្បី លុមបុក (Lombok) ស្ថិតនៅភាគកណ្តាលប្រទេស កាលពីថ្ងៃអាទិត្យ។
យោងតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្សរាប់រយនាក់ទៀត ក៏បានរងរបួសផងដែរ ដោយសារគ្រោះរញ្ជួយកម្រិត៧រ៉ិចទ័រនេះ ដែលបានបំផ្លាញអគារ ផ្ដាច់ចរន្តអគ្គិសនី ព្រមទំាងកើតឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីគ្រោះរញ្ជួយដីមួយផ្សេងទៀតបានផ្ដាច់ ជីវិតមនុស្ស១៦នាក់ នៅលើកោះលុមបុក (Lombok) នេះ។
គួរជម្រាបថា បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយផែនដីខាងលើ មានឥទ្ធិពល៧.០រ៉ិចទ័រ និងមានជម្រៅ១០គីឡូម៉ែត្រក្រោមផ្ទៃដី។ អំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញថា ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី បានទទួលរងគ្រោះពីរញ្ជួយដីយ៉ាងញឹកញាប់ ដោយកាលពីចុងខែកក្កដាកន្លងទៅ គ្រោះរញ្ជួយដីមួយកម្រិត ៦.៤រ៉ិចទ័រ ដែលមានជម្រៅត្រឹម០៧គីឡូម៉ែត្រប៉ុណ្ណោះនោះ បានវាយប្រហារលើកោះទេសចរណ៍នេះ និងបានផ្តាច់ជីវិតមនុស្សយ៉ាងតិច១៦នាក់ និងបណ្តាលឲ្យរបួសជាង១៦០នាក់។
គ្រោះរញ្ជួយដីតែងកើតមានឡើងជាញឹកញាប់ នៅប្រទេសអាស៊ានមួយនេះ គឺដោយសារតែឥណ្ឌូណេស៊ី មានទីតាំងភូមិសាស្រ្ត ស្ថិតនៅចំពីលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង ដែលគេហៅថា Pacific Ring of Fire៕