សម្តេចតេជោ បបួលទណ្ឌិត សម រង្ស៊ី ស្បថដាក់ជីវិតឲ្យស្លាប់ គ្រប់ទម្រង់នៃគ្រោះថ្នាក់ទាំងអស់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែវិស័យកីឡាទេ ដែលអាចអនុវត្តន៍តាមស្តង់ដារអន្តរជាតិតែមួយ ប៉ុន្តែនិយាយពីនយោបាយវិញ មិនអាចនិយាយ ពីស្តង់ដារអន្តរជាតិបាននោះទេ ព្រោះគ្រប់ប្រទេសទាំងអស់ មានរបបនយោបាយផ្សេងៗគ្នា។
សម្តេចតេជោ បានថ្លែងក្នុងពិធីសំណេះសំណាល ជាមួយអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វិក រួមនឹងប្រតិភូកីឡាសរុបជាង ៧០នាក់ មុនចាកចេញ ទៅចូលរួមប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅវិមាននាយករដ្ឋមន្រ្តីថា អ្នកលើកឡើងពីការគោរពស្តង់ដារអន្តរជាតិ លើផ្នែកនយោបាយ គឺជាទស្សនៈមនុស្សឆ្កួតលីលា។
ចំពោះស្ថានការនយោបាយ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បើគ្មាន អ្វីកែប្រែនោះទេ កម្ពុជាក្នុងនីតិកាលទី៦ នឹងរៀបចំប្រជុំសភាលើកដំបូង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ហើយបេក្ខភាពតំណាងរាស្ត្រទាំងអស់ នឹងស្បថចូលកាន់តំណែងសភា នៅល្ងាចទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨ គឺនឹងបង្កើតរាជរដ្ឋាភិបាលថ្មី។ នៅពេលល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ គឺរាជរដ្ឋាភិបាលថ្មីស្បថចូល កាន់តំណែងជាផ្លូវការ។ បន្ទាប់មកថ្ងៃព្រឹកថ្ងៃទី ២១ ប្រជុំគណៈរដ្ឋមន្ត្រីថ្មី។ ប្រសិនបើរាជរដ្ឋាភិបាលថ្មី បានបង្កើតនៅក្នុងខែសីហា ២០១៨ នេះ គឺ សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញទៅថ្លែងសុន្ទរកថា ជាផ្លូវការ នៅអង្គការសហប្រជាជាតិ (UN) ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី និងក្រុមអ្នកប្រឆាំងថា លទ្ធផលឆ្នោតជាការកេងបន្លំ ជាការបំប៉ោងទិន្នន័យ ជាសណ្តានរបស់មនុស្សឆ្កួត ហើយជាលេសចុងក្រោយរបស់ក្រុមប្រឆាំង ដើម្បីវាយប្រហារការបោះឆ្នោតនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅក្រុមអ្នកថា លទ្ធផលបោះឆ្នោតនៅកម្ពុជា មានការបំប៉ោង និងបំភិតបំភ័យនោះ ហ៊ានស្បថឲ្យរន្ទះបាញ់ ឬ ទេវតាបរាមុខឲ្យងាប់តៃហោងដែរឬទេ?
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបបួលទណ្ឌិត សម រង្ស៊ី ស្បថដាក់ជីវិតឲ្យស្លាប់គ្រប់ទម្រង់នៃគ្រោះថ្នាក់ទាំងអស់ ទៅលើលទ្ធផលបោះឆ្នោត ដែលត្រូវបានគេចោទថា មានការបំប៉ោងទិន្នន័យនោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងករណីដែលអតីត មេបក្សប្រឆាំងចោទ ប្រកាន់អំពីការ ដែលពលរដ្ឋមានចំនួនច្រើន លើសលុបទៅបោះឆ្នោតនោះថា ជារឿងភូតភរកុហក បោកប្រាស់។ ពួកអ្នកឯងហ៊ាន ស្បថឲ្យរន្ទះបាញ់ទេ ដែលដោយចោទអំពីការបោះឆ្នោត ។ ខ្ញុំក៏ហ៊ានស្បថ ឲ្យងាប់តៃ ហ៊ោងក៏បានដែរ សុខចិត្តងាប់តៃហ៊ោង ងាប់ប្រភេទណាក៏បានដែរ ឲ្យទេវត្តាបរាមុខ តៃហ៊ោងតែម្តង ហ៊ានអត់។ ស្បថឲ្យងាប់គ្រប់ទម្រង់។ប្រជាពលរដ្ឋទៅបោះឆ្នោត មួយប្រទេសហើយហ្នឹង។ ការឈ្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា ដោយសារតែអត់វត្តមានគណបក្សសង្គ្រោះជាតិនោះ សម្តេចតេជោ ហ៊ុន សែន ចោទសួរថា ចុះការបោះឆ្នោតប៉ុន្មានអាណត្តិមុននោះម៉េចក៏មិនដែលឈ្នះ?
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នឹងគ្មានការលើកលែងឲ្យលោក សម រង្ស៊ី នោះឡើយ ហើយប្រសិនបើគេចង់មានការពិចារណា លើការលើកលែងទោសនេះត្រូវមកចូលគុកនៅកម្ពុជាជាមុនសិន។ ប្រសិនទណ្ឌិត សម រង្ស៊ី មិនហ៊ានស្បថចំពោះការលើកឡើងថា ការបោះឆ្នោតនៅកម្ពុជាជាការបំប៉ោងទិន្នន័យ គឺជាការចុះចាញ់ និងមិនហ៊ានទទួលស្គាល់ការពិត។ ក្រុមដេកផ្ទះឈ្នះឯងពូកែ តែខាងចោទ គេខាងលួចបន្លំភ្នែករឿង សន្លឹកឆ្នោត ដែលប្រជាពលរដ្ឋទៅបោះឆ្នោត។ ពួកនេះពូកែណាស់ខាងភូតកុហក ពួកគេតែអីចឹង គឺពួកអាចង្រៃ។ បើអាចនឹង រៀបចំបង្កើតរដ្ឋាភិបាលថ្មីនៅចុងខែសីហា ឬនៅដើមខែកញ្ញា ក៏បានដែរ បើគ្មានបណ្តឹង តវ៉ាណាមួយអំពីបក្ស នយោបាយផ្សេង អំពីការបោះឆ្នោត។ មិនចាំបាច់ ឲ្យប្រទេសណា ប្រថាប់ត្រានោះទេ គឺមានព្រះមហាក្សត្រ ប្រថាប់ត្រាទទួលស្គាល់ គឺគ្រប់គ្រាន់ហើយ៕