តុលាការសម្រេចឲ្យសមត្ថកិច្ចប្រគល់លោកស្រី ទ្រី សុផានិត ទៅក្រុមគ្រួសារវិញដើម្បីព្យាបាលជំងឺ រង់ចាំបន្ដនីតិវិធីនៅពេលក្រោយ ឯទ្រី ដាណា ព្រមានប្តឹងអ្នកវែកញែក
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចយល់ព្រមឲ្យកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់លោកស្រី ទ្រី សុផានិត ដែលជាអ្នកលក់ផលិតផលអនឡាញម្នាក់ ទៅក្រុមគ្រួសារវិញដើម្បីពិនិត្យព្យាបាលជំងឺ ទើបបន្ដនីតិវិធីរបស់តុលាការនៅពេលក្រោយ បន្ទាប់ពីលោកស្រីជាសះស្បើយ។
លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ដោយមានការយល់ព្រមពីលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ហម ម៉េងសែ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលបានប្រគល់ឈ្មោះ ទ្រី សុផានិត ទៅឲ្យក្រុមគ្រួសារវិញ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិនិត្យព្យាបាលជំងឺ ក្រោយដួលសន្លប់ពេលបញ្ជូនដល់ក្លោងទ្វារសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ជាវ វិបុល បានគូសបញ្ជាក់ថា ដោយអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៉ើបសួរ លោក ហម ម៉េងសែ លោកបានបញ្ជាកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ឯក ហែម បូណា នាយការិយាល័យ ចុះអនុវត្តដីកានេះ និងឈានការឃាត់ខ្លួនឈ្មោះ ទ្រី សុផានិត ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកបានបន្ដថា ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានបញ្ជូនឈ្មោះ ទ្រី សុផានិត ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប៉ុន្ដែពេលបញ្ជូនទៅនាយកដ្ឋានជនសង្ស័យ មានសុខភាពល្អធម្មតា និងបានឡាយវីដេអូក្នុងរថយន្ដថែមទៀតថា។ លុះពេលរសៀល បញ្ជូនទៅដល់ក្លោងទ្វារសាលាដំបូងរាជធានីភ្នំពេញ ស្រាប់តែឈ្មោះ ទ្រី សុផានិត មានអាការៈមិនស្រួលខ្លួន និងដួលសន្លប់តែម្ដង។ ភ្លាមៗ កម្លាំងសមត្ថកិច្ច និងក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។
រហូតមកដល់ពេលនេះ នគរបាលមិនទាន់អាចបញ្ជាក់បានថា តើលោកស្រី ទ្រី សុផានិត មានជំងឺអ្វីឲ្យប្រាដកនោះទេ? ពោលគ្រាន់តែដឹងថា កាលពីម្សិលមិញនេះ លោកស្រីត្រូវបានបញ្ជូនពីពេទ្យមួយ ទៅពេទ្យមួយ ដើម្បីពិនិត្យជំងឺ និងចុងក្រោយបានបញ្ជូនទៅមន្ទីរពេទ្យសាន់រ៉ៃ។ ប៉ុន្ដែគេដឹងថា លោកស្រី ទ្រី សុផានិត ទើបសម្រាលកូនបានប្រមាណ៣ខែ។ ដោយឃើញស្ថានភាពបែបនេះ តុលាការបានយល់ព្រមឲ្យសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់លោកស្រី ទ្រី សុផានិត ទៅក្រុមគ្រួសារ ដើម្បីពិនិត្យព្យាបាលរហូតជាសះស្បើយ ទើបបន្ដនីតិវិធី។
ក្រោយពីផ្ទុះរឿងរ៉ាវប្តឹងផ្តល់រវាងអ្នកស្រី ទ្រី ដាណា និងបងស្រីបង្កើតរបស់ខ្លួនកាលពីម្សិលមិញ បង្កឲ្យមានការវែកញ៉ែកពេញបណ្តាញសង្គមហ្វេសប៊ុកនោះ ឥឡូវនេះអ្នកស្រី ទ្រី ដាណា បានចេញវីដេអូព្រមានចំពោះបុគ្គលដែលចូលចិត្តបំប៉ោងព័ត៌មាននិងសម្តែងយក k ប្រយ័ត្នជាប់ពាក់ព័ន្ធ។
ការព្រមាននេះធ្វើឡើងក្រោយពីអ្នកស្រី ទ្រី សុផានិត ដែលត្រូវជាបងស្រីបង្កើតអ្នកស្រី ទ្រី ដាណា ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន និងបានសន្លប់ភ្លាមៗពេលបញ្ជូនទៅដល់តុលាការ ហើយវីដេអូនោះត្រូវបានបង្ហោះជាច្រើន ក្នុងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok បង្កឲ្យមានការរិះគន់ធ្ងន់ៗទៅលើអ្នកស្រី ទ្រី ដាណា ថាមានចិត្តធម៌លើអ្នកដទៃតែចិត្តដាច់លើបងស្រីបង្កើតរបស់ខ្លួន។ ក្រោយពីទទួលការរិះគន់បែបនេះអ្នកស្រី ទ្រី ដាណា ក៏បានឆ្លើយតបថា «ចាប់ពីម៉ោងនេះតទៅ ខ្ញុំគិតថាអ្នកដែលថតរូបហ្នឹងឡាយឆ្វេកឆ្វាចបន្តទៀត ខ្ញុំនឹងគិតថាអ្នកនោះមានចេតនាមិនល្អ ដូចនេះខ្ញុំនឹងសុំចាត់វិធានការតាមផ្លូវច្បាប់ហើយ ផ្ញើសារទៅកាន់អ្នកដែលចង់ពាក់ព័ន្ធក្នុងរឿងនេះ នេះជាសារជូនដំណឹង កុំឲ្យថាខ្ញុំធ្វើទៅមិនបានប្រាប់មុន សូមអរគុណ »។ អ្នកស្រីបន្ថែមថា «បញ្ជាក់: ចាប់ពីម៉ោង៥និង៤២នាទីនេះតទៅ បើខ្ញុំឃើញមានសកម្មភាពទៀត កុំថាខ្ញុំអាក្រក់ នេះខ្ញុំជូនដំណឹងហើយ នៅឲ្យសុខរៀងៗខ្លួនទៅគឺល្អបំផុត រឿងបងប្អូនខ្ញុំ ខ្ញុំចេះដោះស្រាយហើយ សូមអរគុណ »។
គួរបញ្ជាក់ថា តាមរយៈវីដេអូឡាយកាលពីល្ងាចម្សិលមិញអ្នកស្រី ទ្រី ដាណា បានរៀបរាប់ទាំងទឹកភ្នែកថា អស់រយៈពេលជាយូរមកហើយដែលអ្នកស្រីខំខាំមាត់អត់ទ្រាំ មិនយកវប្បធម៌ជេរបញ្ចោរក្នុងបណ្តាញសង្គមមកដោះស្រាយ បើទោះជាត្រូវរងនូវការប្រមាថបរិហាកេរ្តិ៍ពីបងស្រីបង្កើតយ៉ាងណាក៏ដោយ។ តែពេលនេះអ្នកស្រីគ្រាន់តែចង់ទាមទាររកយុត្តិធម៌ឲ្យខ្លួនឯង និងចង់ឲ្យមនុស្សដែលធ្វើខុសចេះទទួលកំហុសប៉ុន្នោះតើអ្នកស្រីខុសត្រង់ណា?
មួយវិញទៀតអ្នកស្រីក៏ចង់បញ្ជាក់ថា ចំពោះបងប្អូនអ្នកស្រី អ្នកស្រីចេះដោះស្រាយហើយ តែអ្នកផ្សេងហាមលូកដៃព្រោះខ្លួននឹងមិនលើកលែងឲ្យជាដាច់ខាត។
គួរជម្រាបថា តាមដីកាបង្គាប់ឲ្យចាប់ខ្លួន កម្លាំងនគរបាលបានបង្ហាញថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»៕