រដ្ឋបាលខណ្ឌមានជ័យ ធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធានការពារជម្ងឺកូវី-១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាលើកទី២ ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់
ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំមន្រ្តីសាលាខណ្ឌមានជ័យ និងសង្កាត់ទាំង៧ ធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធានការការពារជម្ងឺកូវី-១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ថែមទៀតអំពីជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សូមពុកម៉ែ បងប្អូនទាំងអស់ រួមគ្នាការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយលាងដៃជាមួយទឹកអាល់កុល ជែល ឬសាប៊ូ ពាក់ម៉ាស់ និងថែរក្សាសុខភាពឲ្យបានជាប្រចាំ ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ
បានអោយក្រុមការងារសង្កាត់ទាំង៧ បន្តចុះផ្សព្វផ្សាយនៅតាមមូលដ្ឋានសង្កាត់រៀងៗខ្លួនអំពីការរីករាលដាលជម្ងឺកូវីដ-១៩ ដោយចាត់តាំងក្រុមការងារដោយមួយ សង្កាត់ តុតុ ២គ្រឿង មនុស្ស ៤នាក់ និងមានបិទស្ទិកគ័រ ផ្ទាំងរូបភាព រួមទាំងចាក់ផ្សាយតាមមេក្រូ ក្នុងគោលបំណងបញ្ជ្រាបអោយកាន់តែច្បាស់ ពីការការពារ ថែទាំ និងកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដែលមាន ៦ចំណុច ដូចខាងក្រោម ៖
១- លាងដៃញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលជែល
២- ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ
៣- ជៀសវាងប៉ះពាល់ ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤- ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥- បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦- ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។
ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សូមជូនពរពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ក៍ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ សូមឲ្យបានចាកផុតពីជំងឺកូវីដ-១៩ គ្រប់ៗគ្នា ។