នរណាជាអ្នកខ្លាំងចុងក្រោយ ដែលឡើងទៅ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cell Card បន្ទាប់ពីផ្អាកមួយសប្ដាហ៍ដោយសារកូវីដ ១៩នោះនៅថ្ងៃទី២១វិច្ឆិកានេះការប្រកួតនឹងចាប់ផ្ដើមឡើងវិញដែលនេះជាការប្រកួតបន្តវគ្គជម្រុះជុំទី២ដើម្បីរកអ្នកខ្លាំងចុងក្រោយសម្រាប់ឡើងទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
សម្រាប់ការប្រកួតជម្រុំចុងក្រោយនៃជុំទី២នេះអ្នកប្រដាល់ជើងខ្លាំងសាន់ សំអុនក្លិបអារុណរះកីឡាត្រូវជួបតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងមកពីក្លិបសាលវ័ន្ដកីឡាគឺយ៉ន ពិសី ។តាមពិតយ៉ន ពិសីស្គាល់សង្វៀនប្រដាល់មុនសំអុនយូរណាស់ការប្រកួតរបស់គេក៏មានបទពិសោធន៍ខ្ពស់ដែរ ។
ទោះជាសំអុនជាក្មេងស្រករក្រោយក៏ពិតមែនតែមិនទាន់ប្រាកដថាពិសីអាចប្រជែងបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេព្រោះមួយរយៈនេះមានអ្នកប្រដាល់ជើងចាស់មិនតិចទេដែលត្រូវសំអុនផ្ដួលបាន ។កាលប្រកួតនៅវគ្គជម្រុះជុំទី១សំអុនបានផ្ដួលអ្នកប្រដាល់ផាន ផាន់ណាត់ក្លិបទ័ពពិសេសឆ័ត្រយោង៩១១បានមុនស្នូរជួងបញ្ចបើទឹកទី៣ ។ ចំពោះពិសីវិញគេក៏បានប្រកួតឈ្នះអ្នកប្រដាល់រ៉ា រ៉យ៉ាក្លិបអេភូថងកីឡាដោយពិន្ទុដែរ ។
សាន់ សំអុនមានប្រវត្តន៍ប្រកួតចំនួន៣២ដង ឈ្នះ២៦ដង ចាញ់៥ដង និងស្មើពិោន្ទុ១ ដង ។ ចំពោះយ៉ន ពិសីវិញគេមានប្រវត្តន៍ប្រកួតចំនួន៣៨ដង ឈ្នះ២៨ដង ចាញ់៧ដង និងស្មើពិន្ទុ៣ដង ។ នរណាប្រជែងបានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់ធន អៀងឡេងក្លិបកងយោធពលខេមរភូមិន្ទត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់នូវ សុខទីមកពីក្លិបខេត្តរតនគីរីដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះមានស្ទីលវ៉ៃខុសគ្នា ។ អៀងឡេងមានទេពកោសល្យប្រើជង្គង់ និង កែងហើយការវ៉ៃចេញរបស់គេមានប្រសិទ្ធិភាពណាស់ ។ចំពោះនូវ សុខទីកណ្ដាប់ដៃ និងការទាត់ចេញរបស់គេធ្ងន់ហើយមានប្រសិទ្ធិភាពមិនចាញ់ជង្គង់ និង កែងរបស់អៀងឡេងឡើយ ។
អាវុធរបស់ពួកគេទាំង២សុទ្ធតែចាក់បានល្អដូចគ្នានរណាប្រហែសងាយនឹងមានគ្រោះថ្នាក់ដល់សន្លប់ណាស់ ។អ្នកប្រដាល់ទាំង២រូបនេះប្រសិនបើគេប្រកួតគ្នារហូតចប់ទឹកនោះរវាងអ្នកឈ្នះនិង អ្នកចាញ់គឺទ្រមខ្លួនដូចគ្នា ។នរណាជាអ្នកឈ្នះ ?
អ្នកប្រដាល់ជើងចាស់តក់ សោភ័ណ្ឌក្លិបអេភូថងកីឡាដែលអាជីពប្រដាល់របស់គេលិចអណ្ដែតនោះបានវិលមករកការប្រកួតវិញដោយជួបជាមួយអ្នកប្រដាល់កណ្ដាប់ដៃធ្ងន់យ៉ុន ដារ័ត្នតាឡីដំរីមានរិទ្ធដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។
កាលពីចាប់ផ្ដើមអាជីពប្រដាល់ដំបូងសោភ័ណ្ឌមានការរីកចម្រើនខ្លាំងណាស់តែក្រោយមកអ្វីៗហាក់ដូចជាលិចអណ្ដែតដោយសារតែគេមិនសូវចូលក្លិបហ្វឹកហាត់ ។ចំពោះដារ័ត្នវិញគេអាចវ៉ៃបានទាំងសកល ទាំងក្បាច់គុនបូរាណខ្មែរទោះបីពេលខ្លះគេហាក់ដូចជាឆេវឆាវក៏ពិតមែន ។ ជំនួបមួយនេះទំនងជាដារ័ត្នមានឧិកាសឈ្នះច្រើនជាងហើយ ។
អ្នកប្រដាល់ជើងថ្មីរ៉ា រ៉យ៉ាក្លិបអេភូថងកីឡាត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ហ៊ុន ឈុនហេងក្លិបជ្រៃសែនជ័យ៕