រថយន្ត ហ្វត ផ្លាកលេខ 2BJ-2235 ភ្នំពេញ បើកបុករបួស២នាក់ហើយ ឲ្យតំណាងតេទៅគំរាមជនរងគ្រោះទៀត
កំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍បុករត់នៅស្រុកអង្គរជ័យ ស្នងការនគរបាលខេត្តកំពត បានប្រកាសរកយុត្តិធម៌ជូនអ្នករងគ្រោះឲ្យបាន ដើម្បីឲ្យ ម្ចាស់រថយន្តត្រូវចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ជាមួយជនរងគ្រោះ ។ លឺដំណឹងថាតេទៅគំរាមជនរងគ្រោះទៀត។
លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងថា លោកបានបញ្ជាទៅ អធិការស្រុកឲ្យរៀបចំបញ្ជូនសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត ហ្វត ផ្លាកលេខ 2BJ-2235 ភ្នំពេញ ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីដោះស្រាយ ហើយ លោកឧត្ដមសេនីយ៍ទោស្នងការ នឹងតាមដានករណីនេះដោយយកចិត្តទុកដាក់បំផុត ។
លោកឧត្ដមសេនីយ៍ទោស្នងការ បានបន្ថែមថា “សូមកុំបារម្ភករណីនេះ លោកនឹងខិតខំដោះស្រាយ រកយុត្តិធម៌ជូនជនរងគ្រោះឲ្យបាន” ។
ស្នងការនគរបាលខេត្តកំពត បានថ្លែងនៅយប់ថ្ងៃចន្ទនេះថា” ករណីគ្រោះថ្នាក់ចរាចរណ៍បុករត់នៅស្រុកអង្គរជ័យ ខ្ញុំត្រូវរកយុត្តិធម៌ជូនអ្នករងគ្រោះឲ្យបាន។ ម្ចាស់រថយន្តត្រូវចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ជាមួយជនរងគ្រោះ ។ លឺដំណឹងថាតេទៅគំរាមជនរងគ្រោះទៀត អាណិតគាត់ទាំងពីរខ្លាំងណាស់ ស្អែកនេះនិងឲ្យតំណាងយកថវិកាបន្តិចបន្តួចដើម្បីជូនគាត់ទាំងពីរដើម្បីព្យាបាលខ្លួន” ។
លោកផែង វណ្ណៈបានឲ្យដឹងថា ជូនម្ចាស់លេខ ទូរស័ព្ទ ០៧៨ ៤០៤០២៤ តំណាង ម្ចាស់ រថយន្ត លេខ 2BJ-2235 មេត្តាជ្រាប ៖ ថ្ងៃនេះខ្ញុំបានទទួលទទួលព័ត៌មានពីជនរងគ្រោះមកថា មានលេខទូរស័ព្ទ ០៧៨ ៤០ ៤០ ២៤ បានទូរស័ព្ទមកគាត់ដោយអះអាងថា ខ្លួនជាតំណាងម្ចាស់រថយន្ត Ford Pick Up ផ្លាកលេខ 2BJ-2235 ភ្នំពេញ ដោយបានប្រាប់គ្រួសារជនរងគ្រោះថា រឿងគ្រោះថ្នាក់ចរាចរណ៍នេះ មិនបាច់ទៅដោះស្រាយដល់ស្រុកទេ ដោះស្រាយត្រឹមឃុំបានហើយ យកផ្លាកលេខឡានមកឲ្យគេ គេបង់លុយ ១លានរៀល ឲ្យទៅមើលជំងឺដើម្បីបញ្ចប់រឿង ។ ម្ចាស់ទូរស័ព្ទនោះ បានព្រមានគ្រួសារជនរងគ្រោះថា បើមិនយកលុយ ១លាន ដើម្បីបញ្ចប់រឿងទេ គេសុខចិត្តយកលុយទៅតម្កល់នៅតុលាការចោល ហើយ មិនសងទេ ចង់ប្ដឹងយ៉ាងម៉េចក៏ប្ដឹងទៅ ។
លោកថា “ខ្ញុំគ្រាន់តែលឺគ្រួសារជនរងគ្រោះ ផ្ដល់ព័ត៌មានបែបនេះមក ក្ដៅឆេវតែម្ដង ។ ខ្ញុំសូមប្រាប់ទៅម្ចាស់ លេខទូរស័ព្ទ ដែលជាតំណាងម្ចាស់រថយន្តថា ខ្ញុំសុំបុកម៉ែលោកឯង និងប្រពន្ធលោកឯងកំពុងពោះធំជិតគ្រប់ ខែហើយខ្ញុំសង ១០ លានរៀល លោកឯងយកអត់ ? ម៉េចលោកឯងអាងមានលុយ ចង់មើលងាយអ្នកក្រឬ ? ខ្ញុំសូមផ្ដាំលោកថា លោកមិនអាចគេចផុតពីសំណាញ់ច្បាប់ទេ សូមកុំព្រហើន ។ បើលោកមិនដោះស្រាយ សំណងសងដល់ជនរងគ្រោះបានសមរម្យទេ ខ្ញុំ នឹងស្នើសុំនគរបាលដកហូតយករថយន្ត ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ។ ខ្ញុំមិនឲ្យលោកឯងមើលងាយប្រជាពលរដ្ឋក្រីក្របាជាដាច់ខាត ។ ទៅដល់ណាក៏ខ្ញុំទៅដល់ដែរ ខ្ញុំនឹងតាមដានករណីនេះ រហូតដល់ជនរងគ្រោះទទួលបានយុត្តិធម៌ពិតប្រាកដ ” ៕