ផ្តន្ទាទោស អតីតប្រធានមន្ទីរ សូរិយោដី ខេត្តព្រះសីហនុ ដាក់ពន្ធនាគារ ៧ ឆ្នាំ
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមសម្រេចឲ្យ ជនជាប់ចោទ នួន ប៉ុក អតីតប្រធានមន្ទីរសូរិយោដីខេត្តព្រះសីហនុ ជាប់ពន្ធនាគារ៧ឆ្នាំ និងពិន័យប្រាក់បង់ចូលថវិការដ្ឋចំនួន១០០លានរៀល និងរឹបអូសអចលនទ្រព្យចំនួន៣កន្លែង ទុកជាទ្រព្យសម្បត្តិរដ្ឋ។
ការប្រកាសសាលក្រមសម្រេច បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញបាន ចោទប្រកាន់ផ្តន្ទាទោសអតីតប្រធានមន្ទីរសូរិយោដីខេត្តព្រះសីហនុរូបនេះពីបទ បំពានធនធានធម្មជាតិ បទរំលោភអំណាច និងផ្ដល់ឯកសារក្លែងក្លាយដល់អាជ្ញាធរពាក់ព័ន្ធ។
លោក នួន ប៉ុក ត្រូវ បាន អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃទី ១ មីនា ២០២០ ក្រោមការចោទ ប្រកាន់ពីរំលោភអំណាចបំពានធនធានធម្មជាតិ និងផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរពាក់ព័ន្ធ ។ ការចាប់ខ្លួន នេះ ដោយសារមានការសង្ស័យថា លោកបានប្រព្រឹត្តអំពើពុករលួយនៅអំឡុងពេលកំពុងកាន់តំណែងជាប្រធាន មន្ទីរដែនដីខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៨ ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមីនា បានបន្តបើកការស៊ើបសួរទៅលើជនជាប់ចោទលោក នួន ប៉ុក អតីតប្រធានមន្ទី ររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ពីបទរំលោភអំណាចបំពានធនធានធម្មជាតិ និងផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរ ពាក់ព័ន្ធ។
សូមបញ្ជាក់ថា លោក នួន ប៉ុក ត្រូវបានគេដឹងថា បានឡើងកាន់តំណែងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦។ ប៉ុន្តែពីឆ្នាំក្រោយមក ពោលគឺនៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០១៨ លោកត្រូវបានផ្ទេរចេញពីតំណែងនេះទៅវិញ។
អ្វីជាការកត់សម្គាល់ ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលត្រូវបានគេដឹងថា មានសន្ទុះនៃការសាងសង់សំណង់ខ្លាំង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីការមកដល់យ៉ាងគំហុកនៃជនជាតិចិន។ ប៉ុន្តែជាអកុសល កាលពីខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ ខេត្តព្រះសីហនុ បានជួបឧបទ្ទវហេតុនៃការរលំបាក់អគារកម្ពស់៧ជាន់ ដែលបណ្តាលឲ្យកម្មករខ្មែរ២៨នាក់ស្លាប់ និង ២៦នាក់បានរងរបួស។
សូមបញ្ជាក់ដែរថា នេះមិនមែនជាករណីទីមួយទេ ដែលអង្គភាពប្រឆាំងអំពើពុករលួយបានចាត់វិធានការទៅលើមន្ត្រីនៅក្នុងជួររដ្ឋាភិបាលកម្ពុជា ដែលប្រព្រឹត្តអំពើពុករលួយនៅកម្ពុជា ៕