មហាវិទ្យាល័យសភាពាណិជ្ជសាស្ត្ររបស់ប្រទេសថៃ គ្រោងបើកសាខានៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យធុរកិច្ច និងពាណិជ្ជកម្ម
ភ្នំពេញ៖ ប្រតិភូមហាវិទ្យាល័យសភាពាណិជ្ជសាស្ត្រថៃ(UTCC) គ្រោងនឹងបើកសាខានៅក្នុង ប្រទេស កម្ពុជា ដើម្បីបង្កើតជម្រើសដល់និស្សិតដែលចង់បន្តសិក្សាក្នុងប្រទេសសមាជិក អាស៊ាន និងផ្តល់អាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ធនធាន មនុស្សលើវិស័យធុរកិច្ច និងពាណិជ្ជកម្ម។
នេះគឺជាការលើកឡើងរបស់លោកបណ្ឌិត ចាក់គ្រីន ស្រ៊ីមូន(Jakarin Srimoon) អនុប្រធាន UTCC ទទួលបន្ទុកកិច្ចការអន្តរជាតិ ដែល បានដឹកនាំប្រតិភូមក សម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើយោងតាមស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ។
លោក អ៊ូក សោភ័ណ បានស្វាគមន៍ចំពោះគម្រោងខាងលើ និងបានស្នើឱ្យប្រតិភូ UTCC សិក្សាអំពីលទ្ធភាពពង្រីកសាខាដំបូងទៅកាន់ខេត្តសៀមរាប និងសហការជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានដេប៉ាតឺម៉ង់ភាសាថៃ ព្រមទាំងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ ដែលស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម ឯកអគ្គរាជទូតក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការលើវិស័យអប់រំរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរ គុណរាជរដ្ឋាភិបាលថៃ ដែលកន្លងមកបានផ្តល់អាហារូបករណ៍ដល់ និស្សិតកម្ពុជា មកបន្តការសិក្សានៅក្នុងប្រទេសថៃ ក្រោមគម្រោងព្រះរាជឧបត្ថម្ភរបស់ ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រីសិរិនថន៕. សំរិត