ជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយ ត្រូវបញ្ជូនទៅតុលាការ
ភ្នំពេញ៖អាជ្ញាធរក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនមនុស្ស១០នាក់ បញ្ជូនទៅកាន់តុលាការ ដោយជាប់សង្ស័យពាក់ព័ន្ធ នឹងផលិតផលក្លែងក្លាយដូចជា សាច់ប៉ាតេ ធ្វើម្រេចក្លែងក្លាយ ទឹកបរិសុទ្ធ និងស្រាបៀ ជាដើម។
ផលិតផលក្លែងក្លាយទាំងនោះ គឺមានចំនួន៨៨ តោនដូចជា សម្ភារៈសម្រាប់ ផលិតសាច់ប៉ាតេ មិនអនុលោមតាមច្បាប់ ករណីបើកសិប្បកម្មផលិតម្រេច និងកាហ្វេមិនអនុលោមតាមច្បាប់ និងករណី នាំចូលផលិត វេចខ្ចប់ខុសច្បាប់លើផលិតផលម៉ាក Saint Amandទឹកបរិសុទ្ធ Evian ស្រាបៀរម៉ាក់ Corona និងផលិតមួយចំនួនទៀត ដែលផលិតផលទាំងនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគយ៉ាងខ្លាំង។
ថ្លែងនៅក្នុងសន្និសីតសារព័ត៌មាននៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះនៅទីស្តី ការក្រសួងមហាផ្ទៃ លោក មាជ សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម( គ.ប.ផ.ក.) បានថ្លែងថា ក្រុមការងារ បានឃាត់ខ្លួនមនុស្សយ៉ាងតិចចំនួន១០នាក់ និងរឹបអូសផលិតផលក្លែងក្លាយ និងខុសច្បាប់ជិតមួយរយតោន ដាច់ដោយឡែកពីគ្នា ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញកាលពីកន្លងទៅនេះ។
ជនសង្ស័យទាំងនោះ បានបញ្ជូនទៅកាន់តុលាការហើយ ហើយវត្ថុតាង ដែលអាជ្ញាធររឹបអូសបាននេះ ក៏នឹងត្រូវកម្ទេចចោលផងដែរ។
លោក មាជ សុផាន់ណា មិនបានបញ្ជាក់ថា វត្ថុតាង ដែលអាជ្ញាធររឹបអូសបាននេះ នឹងត្រូវកម្ទេចចោលថ្ងៃណានោះទេ ខណៈវត្ថុតាងទាំងនេះ កំពុងរក្សាទុកនៅក្រសួងមហាផ្ទៃនៅឡើយ។
លោក មាជ សុផាន់ណា បានថ្លែងព្រមានដល់ឈ្មួញទុច្ចរិតទាំងអស់ ដែលរកស៊ីខុសច្បាប់ និងផលិតផលក្លែងក្លាយនឹងមិនរួចខ្លួនពីសំណាញច្បាប់ទេ ប្រសិនបើក្រុមការងារនិងអាជ្ញាធរ ស្រាវជ្រាវរកឃើញទីតាំងផលិតនោះ។
សូមរំលឹកថាកាលពីកន្លងទៅថ្មីៗ អាជ្ញាធរបានធ្វើការបំផ្លាញចោលនូវផលិតផល ក្លែងក្លាយរាប់រយតោន នៅទីលានដុតសំរាមបឹងជើងឯករាជធានីភ្នំពេញ និងមួយកន្លែងទៀតនៅខេត្តកំពង់ស្ពឺក្រោយពីរឹបអូសបានពីឈ្មួញទុច្ចរិតជាបន្តបន្ទាប់។ ផលិតផលក្លែង ក្លាយនិងខូចគុណភាពទាំងនោះមានដូចជាថ្នាំពេទ្យ គ្រឿងសំអាង ភេសជ្ជៈ និងគ្រឿងបរិភោគជាច្រើនទៀត៕