ចោរឆក់កាបូបពីអាជីវករទិញបន្លែអស់ជាង៥ពាន់ដុល្លារ នៅសង្កាត់ទួលស្វាយព្រៃទី២
ភ្នំពេញ៖ស្រ្តីជនរងគ្រោះដែលជាអាជីវករមកទិញបន្លែពេលយប់ៗជ្រៅ ត្រូវបានចោរមួយក្រុមចេញធ្វើសកម្មភាពឆក់យកកាបូបលុយ ដែលទឹកប្រាក់សរុបទាំងលុយដុល្លារ និងលុយខ្មែរ ជាង៥ពាន់ដុល្លារ ។ តែជនរងគ្រោះបានអរគុណដែលដល់ខាងកម្លាំងនគរបាលមូលដ្ឋាន ហើយដែលមកទទួលបណ្ដឹងនៅកន្លែងកើតហេតុដូចនេះ។
ករណីនេះកើតឡើងកាលពីម៉ោង ២និង២០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះនៅចំណុច ផ្លូវលេខ៣៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ សុខ បណ្តាំ ភេទស្រី ។ ចំណែកបុរសជាប្តីមិនបានឱ្យស្គាល់អត្តសញ្ញាណទេ ស្នាក់នៅខេត្តកំពង់ស្ពឺ។ ចំពោះសម្ភារដែលបាត់បង់ រួមមានលុយខ្មែរ ជាង៣លានរៀល និង លុយដុល្លារជាង៥០០០ដុល្លារឯណោះ។
ស្ត្រីរងគ្រោះគាត់បាននិយាយរៀបរាប់ថា នៅមុនពេលកើតហេតុខាងលើនោះ គាត់ជាមួយស្វាមីបានបើករថយន្តសាំយ៉ុងមួយគ្រឿងចេញពីខេត្តកំពង់ស្ពឺឆ្ពោះមកផ្សារដើមគដូចសព្វដង អីចឹងដើម្បីរកទិញបន្លែយកទៅលក់ដូរបន្តនៅឯខេត្ត។ លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់រថយន្តនៅចិញ្ចើមផ្លូវរង់ចាំម៉ូយយកបន្លែមកឱ្យ ដោយប្តីរបស់គាត់បានសម្រានលង់លក់នៅក្នុងរថយន្ត ។ ចំណែករូបគាត់បានចុះពីលើរថយន្តដោយឈរលើផ្លូវ ហើយខណៈពេលនោះក៏ស្រាប់តែលេចបុរសម្នាក់ដែលជាជនសង្ស័យ ដោយបានជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង គឺជិះក្រឡឹងមួយជុំ តែខ្លួនគាត់មិនបានចាប់អារម្មណ៍ ស្មានតែគេមកទិញបន្លែដូចគាត់ដែរ។ ហើយពេលនោះជនសង្ស័យបានបើកម៉ូតូបត់ត្រឡប់ក្រោយវិញ ក៏បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីខ្លួន របស់គាត់យកទៅបាត់ស្រមោលតែម្ដង។
លុះប្រហែលជាកន្លះម៉ោងក្រោយមក ទើបដំណឹងនេះបានឮដល់សមត្ថកិច្ច ប៉ូលិសមូលដ្ឋាន ក៏ចុះទៅសាកសួរនិងឱ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងនៅកណ្តាលផ្លូវ ដោយមិនចាំបាច់ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ២ឡើយ។
គេសង្កេតឃើញថា ករណីឆក់ខាងលើនេះជនរងគ្រោះមានការសោកស្ដាយលុយគាត់ ជាខ្លាំងដែលបាត់បង់។ ប៉ុន្តែសំខាន់នគរបាលបានមកទទួលបណ្ដឹងដល់ទីតាំងកន្លែងកើតហេតុធ្វើឲ្យរូបគាត់ទាំង២នាក់ប្ដីប្រពន្ធ ក៏មានទំនុកចិត្តលើនគរបាលដែរ ក្រោយពីឃើញសកម្មភាពនគរបាលយកចិត្តទុកដាក់នឹងបទល្មើសដែលកើតឡើងក្នុងមូលដ្ឋាន៕