រដ្ឋាករទឹកមានគម្រោងកសាងរោងចក្រ ផលិតទឹកស្អាតធំៗបន្ថែមទៀត ខណៈការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ មិនទាន់គ្រប់គ្រាន់
ភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ទី៧ ខែសីហា ឆ្នាំ២០១៨ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអញ្ជើញ ទទួលដំណើរទស្សនកិច្ចរបស់ ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី EVA NGUYEN BINH អមដំណើរដោយ លោកស្រី ANNE CHAPALAIN អនុប្រធាន AFD ប្រចាំប្រទេសកម្ពុជា ចុះទស្សនកិច្ចនៅរោងចក្រប្រព្រិត្តកម្មទឹកស្អាតនិរោធ ។ ដំណើរការទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅរោងចក្រទឹកស្អាតនិរោធ ក្នុងគោលបំណងសិក្សាស្វែងយល់ ឲ្យបានដឹងច្បាស់អំពីការ កសាងរោងចក្រផលិតទឹកស្អាតនេះ ដែលបារំាងបានផ្តល់ផ្នែកបច្ចេកទេសមួយចំនួន។
លោក ស៊ឹម ស៊ីថា បានថ្លែងថា ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ មានតម្រូវការប្រើប្រាស់ទឹកស្អាត ប្រមាណជាង៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ។
លោក ស៊ឹម ស៊ីថា បានបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផលិតបានទឹកស្អាតប្រមាណជាង៥៦ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលចំនួននេះ នៅមានភាពខ្វះខាតនៅឡើយ។ សព្វថ្ងៃរដ្ឋាករទឹក មានលទ្ធភាពក្នុងការផលិតទឹក និងចែកចាយទឹកទូទាំងរាជធានីភ្នំពេញ ៥៦ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយមួយឆ្នាំៗរដ្ឋាករទឹកក្រុងភ្នំពេញ ផលិតទឹកស្អាត ជូនពលរដ្ឋនៅភ្នំពេញ ប្រើប្រាស់ប្រមាណ១៧០លានម៉ែត្រគូប ដូច្នេះពលរដ្ឋទទួលបានសេវាកម្ម ពីរដ្ឋាករទឹកប្រមាណ៣៣០ពាន់គ្រួសារ។ ចំនួននេះនៅមានភាពខ្វះខាត នៅឡើយសម្រាប់ពលរដ្ឋប្រើប្រាស់។ សព្វថ្ងៃការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ មិនទាន់បានគ្រប់គ្រាន់នៅឡើយទេ ព្រោះរដ្ឋាករទឹកក្រុងភ្នំពេញ មានលទ្ធភាពផលិតទឹកត្រឹមតែ៥៦ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ក៏ប៉ុន្ដែសេចក្ដីត្រូវការទឹកស្អាតប្រើប្រាស់រហូតដល់ប្រមាណ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ជាហេតុទើបធ្វើឲ្យខ្វះខាតទឹកប្រើប្រាស់នៅជាយក្រុង។ កាលណានៅជាយក្រុងប្រើប្រាស់ទឹកច្រើន បានធ្វើឲ្យសម្ពាធទឹកនៅកណ្ដាលក្រុងភ្នំពេញ មានការថយចុះមួយកម្រិត ដោយសាររោងចក្រផលិតទឹកស្អាត នៅរាជធានីភ្នំពេញ មាន៤កន្លែងប៉ុណ្ណោះ។
លោក ស៊ឹម ស៊ីថា បានលើកឡើងទៀតថា រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ក៏មានគម្រោងកសាងរោងចក្រ ផលិតទឹកស្អាតធំៗបន្ថែមទៀត ដើម្បីទាន់តម្រូវការពលរដ្ឋប្រើប្រាស់នៅរាជធានីភ្នំពេញ និងជាយក្រុងផងដែរ។
លោកអគ្គនាយក បានបញ្ជាក់ថា ប្រទេសបារំាងបានជួយដល់រដ្ឋាករទឹកក្រុងភ្នំពេញ មានផ្នែកបច្ចេកទេស ផ្នែកឥណទាន ផ្នែកហិរញ្ញប្បទាន ដែលនៅរោងចក្រផលិតទឹកស្អាត និរោគត្រូវបានបារំាងផ្តល់ប្រាក់កម្ចី សម្រាប់សាងសងស្ថានីយ៍បូមទឹកឆៅ ពីទន្លេមេគង្គនាពេលបច្ចុប្បន្ននេះ។ បារំាងបានផ្តល់ជំនួយឥតសំណងជាដំណាក់កាល គឺទី១៖បានផ្តល់ប្រាក់ជំនួយប្រមាណ៣០ម៉ឺនអឺរ៉ូ និងក្រោយមកប្រមាណ៥០ម៉ឺន អឺរ៉ូក្នុងគម្រោងបដិភាគសិក្សាប្លង់មេជាដើម៕