ប្រើឧបករណ៍ឆក់ត្រី បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់ ក្នុងស្រែ
ខេត្តកំពង់ចាម ៖ បុរសម្នាក់ដែលប្រកបរបរនេសាទដោយឧបករណ៍អេឡិចត្រូនិច ឆក់ត្រី ធ្វើឲ្យខុសបច្ចេកទេស បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់ក្នុងស្រែ។ សាកសពបុរសម្នាក់នេះត្រូវបានប្រទះឃើញ នៅក្នុងស្រែមានទឹក ដោយមានឧបករណ៍ឆក់ត្រីមួយសម្រាប់នៅជាប់នឹងខ្លួន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក នៅចំណុចវាលខាងត្បូងភូមិកំប៉ាល ឃុំសណ្តែក ស្រុកបាធាយ ចំងាយ៥០០ម៉ែត្រ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា សាកសពឈ្មោះ ចែម រិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំប៉ាល ឃុំសណ្តែក ស្រុកបាធាយ បានចេញទៅឆក់ត្រីកាលពីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចកើតហេតុខាងលើ ហើយក៏ត្រូវឧបករណ៍ឆក់ត្រីឆក់ខ្លួនឯងស្លាប់តែម្តង។
ឆ្លងតាមការពិនិត្យសាកសព ផ្នែកក្បាល ក ដងខ្លួន និងអវយវៈ ពុំមានស្នាមបែក ឬបាក់ឆ្អឹងឡើយ ។ ហើយនៅបាតដៃខាងស្តាំមានស្នាមខ្លោច១កន្លែង មានទំហំ៤ស.ម×២ស.ម។
ការសន្និដ្ឋានរបស់សមត្ថកិច្ច ឈ្មោះ ចែម រិទ្ធ គឺពិតជាស្លាប់ដោយសារឧបករណ៍ឆក់ត្រីរបស់ខ្លួនឯងពិតប្រាកដមែន៕