គាំទ្រយ៉ាងពេញទំហឹង ចំពោះមជ្ឈមណ្ឌលឱកាសខ្ញុំ ជាមជ្ឈមណ្ឌលផ្ដល់សេវា ព្យាបាលស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ប្រកបដោយគុណភាព
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សៀង ឡាប្រេស្ស អនុប្រធានគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្មព្រមទាំងប្រតិភូ អមចំនួន៦រូបទៀត ដែលមានលោកស្រីមុំ ដានី ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធ និងយវនិតិសម្បទា រាជធានីភ្នំពេញ និងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ ចូលរួមបានចុះមកត្រួតពិនិត្យ លើការផ្ដល់សេវាព្យាបាល អប់រំ និងស្ដារនីតិសម្បទា ដល់អ្នកញៀនគ្រឿងញៀន ក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ។
ក្នុងឱកាសនោះ តំណាងមជ្ឈមណ្ឌលឱកាសខ្ញុំ បានស្វាគមន៍និងការធ្វើបទបង្ហាញ របាយការណ៍លទ្ធផល នៃការព្យាបាលស្ដានិតិសម្បទា និងសមាហរណកម្ម រួចមកលោកប្រធានប្រតិភូ អមបានចាប់អារម្មណ៍ខ្លាំង លើការគ្រប់គ្រងជនរងគ្រោះ ដោយគ្រឿងញៀន បានល្អប្រសើរ។
លោកប្រធាន បានមានចាប់អារម្មណ៍ និងយកចិត្តទុកដាក់ លើរបាយការណ៍ និងការធ្វើបទបង្ហាញលើការ ព្យាបាល អប់រំផ្ដល់ជំនាញវិជ្ជាជីវៈនិងស្ដានីតិសម្បទា ក្នុងមណ្ឌល។
ក្នុងនោះលោកប្រធានប្រតិភូ បានមានការកោតសរសើរ លោកស្រីប្រធាន មជ្ឈមណ្ឌលឱកាសខ្ញុំ ចំពោះការរៀបចំ ការគ្រប់គ្រង ដឹកនាំលើការផ្ដល់ជំនាញ បណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់បំណិនជីវិត, ការគោរពនូវសិទ្ធិមនុស្ស និងការមិនបំពាន ឬការដកហូតសិទ្ធិ ពីជនរងគ្រោះ ដោយការប្រើអំពើហិង្សា ក្នុងប្រការណាមួយ នៅក្នុងមជ្ឈមណ្ឌលឱកាសឡើយ។
ជាមួយគ្នានោះលោក សៀង ឡាប្រេស្ស ប្រធានប្រតិភូបានពេញចិត្ត ដល់មជ្ឈមណ្ឌលដែលបាន ខិតខំប្រឹងប្រែងគៀងគរគ្រូស្ម័គ្រចិត្ត ផ្ដល់នូវការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ ដោយមិនគិតថវិការ។
លោកប្រធានប្រតិភូ និងប្រតិភូអមបានកោតសរសើរ ដល់លោករដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំង ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រសួងស្ថាប័ន អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញអង្គភាព ជំនាញនិងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ គាំទ្រយ៉ាងពេញទំហឹង ដើម្បីធ្វើយ៉ាងណា ឱ្យមជ្ឈមណ្ឌលផ្ដល់សេវាព្យាបាល ស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ប្រកបដោយគុណភាពប្រសិទ្ធភាព និងផ្ដល់ឱកាសឲ្យយុវជន យុវនារី ដែលបានជាសះស្បើយ បានប្រែក្លាយពលរដ្ឋថ្មី។
ក្រោយចូលទស្សនា តាមបន្ទប់ស្នាក់នៅ របស់ជនរងគ្រោះ និងការគ្រប់គ្រងយ៉ាងល្អ ដោយប្រើប្រាស់ បុគ្គលិកសន្តិសុខចំនួនតិច (បុគ្គលិកសន្តិសុខស៊ីវិល) ដោយមិនមានប្រើអាវុធ ក្នុងការយាមប្រចាំការ ។ មានការគ្រប់គ្រងទិន្នន័យ និងបញ្ជីឯកសារលិខិត ស្នាមផ្សេងៗបានយ៉ាងល្អ។
ក្នុងឱកាសនោះដែរលោក សៀង ឡាប្រេស្សបានកោតសរសើរថា មជ្ឈមណ្ឌលឱកាសខ្ញុំ មានទីធ្លាល្អប្រកបដោយ បរិយាកាស ស្រស់ថ្លាសាកសម ជាមណ្ឌលស្ដារនីតិសម្បទា និងមានការគ្រប់គ្រង ចាត់ចែងល្អទាំងលើជនរងគ្រោះ ដែលមកទទួលសេវា ក្នុងមណ្ឌលបានយ៉ាងល្អប្រសើរ៕