ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌទួលគោក បានសម្រេចជ្រើសរើសយក ព្រះភារុណ ធ្វើជានិមិត្តសញ្ញា របស់រដ្ឋបាលខណ្ឌ

374

ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បានសម្រេចរួចហើយ ក្នុងការជ្រើសរើសយកព្រះភារុណ ធ្វើជានិមិត្តសញ្ញា របស់រដ្ឋបាលខណ្ឌ ដើម្បីយកមកប្រើប្រាស់ជាផ្លូវការ សម្រាប់ការងារ រដ្ឋបាលរបស់ខ្លួន ហើយនៅក្រោយនិមិត្តសញ្ញា នៃព្រះភារុណនេះ ក៏មានរូបភាព ដែលបង្ហាញពីប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ ជាមួយនឹងការអភិវឌ្ឍ នៅក្នុងមូលដ្ឋាន ខណ្ឌទួលគោកផងដែរ

ការជ្រើសរើសយកព្រះភារុណ ធ្វើជានិមិត្តសញ្ញា របស់រដ្ឋបាលខណ្ឌទួលគោកនេះ បានលើកឡើង និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ នៅក្នុងកិច្ចប្រជុំសាមញ្ញ លើកទី១៨ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមាន លោកម៉ែន សិរីប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកឯកឃុនដឿន ជាអភិបាលខណ្ឌ។

លោកឯក ឃុនដឿន បានមានប្រសាសន៍ថា ព្រះភារុណ តំណាងឲ្យភាពត្រជាក់ត្រជុំ ចម្រុងចម្រើន ដោយហេតុនេះហើយ ទើបយើងសម្រេចជ្រើសរើសយក ព្រះភារុណ ធ្វើជានិមិត្តសញ្ញា របស់រដ្ឋបាលខណ្ឌរបស់យើង ក្រៅពីព្រះភារុណ នៅខាងក្រោយរះភារុណ ក៏បានរំលេចទៅដោយ រូបសញ្ញាសត្វព្រាប១គូរ រូបចេនឡា អង់តែនទូរទស្សន្ត៍ទួលគោក ស្ពានអាកាសជាមួយ នឹងអាគារខ្ពស់ជាច្រើនទៀតផងដែរ ដែលបានបង្ហាញ អោយឃើញពីភាពរីកចម្រើន ឥតឈប់ឈរ របស់រដ្ឋបាលខណ្ឌទួលគោក។

លោកឯក ឃុនដឿន ក៏បានបញ្ជាក់ថា បើមិនច្រឡំទេ រូបសំណាកព្រះភារុណ បានសាងសង់ឡើង ក្នុងអំឡុងឆ្នាំ២០០៧ ខណៈដែរ លោកកែប ជុតិមា ជាអភិបាលរាជធានី នៅចំណុចគល់ស្ពាន អាកាស៧មករា ស្ថិតនៅក្នុងសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក ជំនួសរូបសំណាកតោ២

លោកក៏បានបញ្ជាក់ផងដែរថា អនុវត្តទៅតាមការណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្លាស់ប្ដូរ និមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌនេះ ក្រោយពីបានពិភាក្សា សម្រេចថា យកព្រះភារុណធ្វើជានិមិត្តសញ្ញាហើយ  យើងនឹងផ្ញើទៅរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីពិនិត្យនិងសម្រេចបន្តទៀត ជាមួយនឹងការពិពណ៌នា ស្តីពីរូបសញ្ញាទាំងនេះ ឲ្យបានលំអិតផងដែរ

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខណ្ឌទួលគោក ក្រៅពីការផ្លាស់ប្ដូរនិមិត្តសញ្ញា របស់រដ្ឋបាលខណ្ឌហើយ សង្កាត់ទាំង១០ ក៏ត្រូវផ្លាស់ប្ដូរនិមិត្តសញ្ញា របស់រដ្ឋបាលសង្កាត់ ដូចគ្នានេះផងដែរ។បន្ថែមពីលើនេះទៀត សម្រាប់រដ្ឋបាលខណ្ឌ ទាំង១៤ និងសង្កាត់ទាំង១០៥ ក៏ធ្វើការផ្លាស់ប្ដូរនិមិត្តសញ្ញា ដូចគ្នានេះផងដែរ៕

 

 

អត្ថបទដែលជាប់ទាក់ទង