បញ្ជូនជនសង្ស័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ចំនួន៥នាក់ ទៅកាន់សាលាដំបូងខេត្តតាកែវ ចំណែកស្រីរកស៊ីផ្លូវភេទ៣នាក់ ដោះលែង
ខេត្តតាកែវ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានផ្សព្វផ្សាយថា នៅព្រឹកថ្ងៃអង្គារ ទី៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ចំនួន៥នាក់ ទៅកាន់សាលាដំបូងខេត្តតាកែវ។
លោកវរសេនីយ៍ទោ ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានអោយដឹងថា ដោយអនុវត្តន៍តាមការណែនាំ និងបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង២០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកសំរោង ចុះបង្រ្កាបមុខសញ្ញាជួញដូរសារធាតុញៀន និងបម្រើសេវាផ្លូវភេទ ចំនួន២ទីតាំង ។ទីតាំងទី១នៅចំណុចផ្ទះឈ្មោះ ប៉ូ សុខលី ភេទស្រី ស្ថិតនៅក្នុងភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ៈ ១.ឈ្មោះ ប៉ូ សុខលី ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន១៤៥កញ្ចប់តូច។ (២.ឈ្មោះ កុយ វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និង៣.ឈ្មោះ សាន់ ស្រីគុន ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន១៤កញ្ចប់តូច) និងស្រ្តីបម្រើសេវាផ្លូវភេទចំនួន៣នាក់។ បន្ទាប់ពីធ្វើការសាកសួរឈានទៅបង្ក្រាបទីតាំងទី០២នៅវេលាម៉ោង១៦ និង៥០នាទីនៅចំនុចផ្ទះឈ្មោះ ស៊ុំ បុល ស្ថិតនៅភូមិស្វាយរុន ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ឃាត់ខ្លួនបានជនសង្ស័យបានចំនួន២នាក់ ១.ឈ្មោះ ប៉ូ សុខលីម ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិស្វាយរុន ឃុំជំរះពេន ស្រុកសំរោង និង២.ឈ្មោះ ស៊ុំ បុល ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្វាយរុន ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន២០កញ្ចប់តូច ជញ្ជីញសម្រាប់ថ្លឹងថ្នាំញៀន១ និងម៉ូតូ១គ្រឿង។ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់ ដកហូតវត្ថុតាងរួមមានៈ ម្សៅក្រាមពណ៌សថ្លាបានសរុបចំនួន១៧៩កញ្ចប់តូច ម៉ូតូ១គ្រឿង និងជញ្ជីងសម្រាប់ ថ្លឹងថ្នាំញៀន១គ្រឿង។
លោកនាយការិយាល័យប្រឆាំងគឿងញៀនបានបន្ថែមថាៈ បច្ចុប្បន្នជនសង្ស័យចំនួន៥នាក់ និងវត្ថុតាងកម្លាំងជំនាញ កំពុងកសាងសំណុំរឿង តាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចំណែកស្រ្តីបម្រើសេវាផ្លូវភេទចំនួន៣នាក់ ដោយយោងតាមការស្តាប់ចម្លើយឃើញថា ពុំមានការពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន និងមានការឯកភាពពី លោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ព្រមទាំងបានការអនុញ្ញាតពី លោកព្រះរាជអាជ្ញា លោកក៏បានដោះលែង ឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕