ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ប្រកាសលទ្ធផលនៃការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់លទ្ធផល នៃការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាល​ទី​៦ ឆ្នាំ​២០១៨

78

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចបញ្ចប់នូវការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ។ ការបញ្ចប់នេះ ធ្វើឡើងនៅថ្ងៃទី៦ ខែសីហា ។

បើតាមសេចក្តីប្រកាសរបស់​គ.ជ.ប នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ បានបង្ហាញថា ការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតរបស់ គ.ជ.ប បានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ហើយបន្ទាប់ពីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ គ.ជ.ប​ ពុំបានរកឃើញនូវកំហុសណាមួយពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត កាលពីចុងខែកក្កដា​នោះឡើយ។

សូមបញ្ជាក់ថា ការបង្កើតគណៈកម្មការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតសកលនេះ បានធ្វើឡើងបន្ទាប់ពី គ.ជ.ប បានទទួលពាក់បណ្តឹងចំនួន២៥២៥ពាក្យបណ្តឹង ពីគណបក្សចំនួន០៣ រួមមាន៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន២៥២០ ហើយ៥ពាក្យបណ្តឹងផ្សេងទៀត ប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ក្នុងចំណោមបណ្តឹងទាំងនោះ មានបណ្តឹងសុំឱ្យផ្តន្ទាទោសចំនួន៣៤បណ្តឹង និង២៤៩១បណ្តឹង ពាក់ព័ន្ធនឹងការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។

បើតាមការបញ្ជាក់របស់​គ.ជ.ប ក្រោយបញ្ចប់ការដោះស្រាយបណ្តឹងនេះ ជាស្ថាពរហើយមិនតវ៉ាដល់ក្រុមប្រឹក្សាធម្មនុញ្ញនោះ លទ្ធផលបណ្តុះអាសន្ន នឹងត្រូវប្រកាសនៅថ្ងៃទី១១ ខែសីហា ហើយលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី០៦ នឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ តែម្តង៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ គ.ជ.ប ស្តីពីការបិទបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦៖


អត្ថបទដែលជាប់ទាក់ទង