កម្លាំងប្រជាការពារខណ្ឌបឹងកេងកង ចំនួន៥០រូប បានទទួលអំណោយសម្ដេចតេជោ
ភ្នំពេញ៖នៅសាលាខណ្ឌបឹងកេងកង នារសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០នេះ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយបាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកចែកជូនដល់ដៃកងកម្លាំងប្រជាការពារខណ្ឌបឹងកេងកង ចំនួន៥០រូបដើម្បីដោះស្រាយផ្នែកជីវភាព ប្រើប្រាស់ប្រចាំថ្ងៃក្នុងអំឡុងពេលកូវីដ-១៩។
នាឱកាសនោះដែរលោកស្រី ស៊ុយ សែនសករាជ អនុប្រធានសាខាសមាគមននារីដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខណ្ឌបឹងកេងកង ដែលត្រូវជាភរិយាលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ក៏បានចូលរួមជួយឧបត្ថម្ភ នូវសម្លៀកបំពាក់ ដល់កម្លាំងប្រជាការពារ ខណ្ឌចំនួន៥០កំប្លេ ទុកប្រើប្រាស់ស្លៀកពាក់ប្រចាំថ្ងៃពេលចុះបំពេញការងារផងដែរ។
ជាមួយគ្នានេះផងដែរ រដ្ឋបាលខណ្ឌបឹងកេងកង សូមសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង មេត្តាចូលរួមធ្វើអនាម័យខ្លួនប្រាណអោយបានត្រឹមត្រូវ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩។ ដូចនេះយើងរួមគ្នា ប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕