ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួន មន្ត្រីយោធាអាងអំណាច យកកាំភ្លើងខ្លី​វាយក្បាល អ្នកលក់ប្រហិត

78

(ភ្នំពេញ)៖ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួន មន្រ្តីយោធាម្នាក់ ដែលដកកាំភ្លើងវាយក្បាលអ្នកលក់ប្រហិតបែកក្បាល ដោយសារមិត្តភក្តិរបស់ខ្លួន បើកបររថយន្តក្រោមស្ថានភាពស្រវឹង ទៅបុករ៉ឺម៉ក់ប្រហិតរបស់ជនរងគ្រោះនោះ ត្រូវបានដាក់ន្ធនាគារ PJ ដើម្បីរង់ចាំជំនុំជម្រះតាមនីតិវិធី នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ។

ជនត្រូវចោទរូបនេះ ត្រូវបាននគរបាលខណ្ឌសែនសុខ បញ្ជូនខ្លួនទៅដល់តុលាការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ក្រោយពេលចាប់ខ្លួនដោយសារតែអាងជាមន្ត្រីយោធា ហើយប្រើហិង្សាលើជនរងគ្រោះ។

ការសម្រេចរបស់លោកចៅក្រមស៊ើបសួរ ធ្វើឡើងបន្ទាប់ពីលោកស្រី ស៊ឺ វណ្ណី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​ចោទប្រកាន់​មន្ត្រី​យោធា ​រូបនេះ ពី​បទ​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ តាម​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែលមាត្រានេះកំណត់​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​២ឆ្នាំ​ ទៅ​៥ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១០លាន​រៀល​។

លោក ហូ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ដោយសារតែភាគីទាំងសងខាង សម្របសម្រួលគ្នាមិនបាន ភាគីជនសង្ស័យ អាងអំណាចសងលុយទៅជនរងគ្រោះតិចតួច ចំណែកភាគីជនរងគ្រោះ ទាមទារជំងឺចិត្តច្រើនពេក ដូច្នេះនគរបាលរបស់លោក ក៏សម្រេចបញ្ជូនសំណុំរឿងព្រហ្មទណ្ឌមួយនេះឲ្យតុលាការតែម្តង។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ នួន ប៉ូ អាយុ៤៩ឆ្នាំ មុខរបរជាមន្រ្តីយោធា មានតួនាទីនាយរងការិយាល័យហ្វឹកហ្វឺន នៃកងឯកភាពទីចាត់ការបំភ័ន្តអក្ខរ មានអត្តលេខ០៥៩០៥១។ ចំណែកជនរងគ្រោះឈ្មោះ យ៉ែម វណ្ណៈ អាយុ២៧ឆ្នាំ មុខរបរលក់ប្រហិតចៀនតាមរទេះ ស្នាក់នៅផ្ទះជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់លាវ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង។

គួររំលឹកថា សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីជនសង្ស័យយកអាវុធខ្លី ម៉ាក P08 លេខ៥៨៥៤ វាយក្បាលជនរងគ្រោះបែក។

ដើមចមដែលឈានដល់ការប្រើអំពើហិង្សានេះ ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ដោយសារមិត្តភក្តិរបស់ជនសង្ស័យ បើកបររថយន្តម៉ាកកាមេរីបាឡែន ក្រោមស្ថានភាពស្រវឹង ទៅបុករ៉ឺម៉ក់ប្រហិតរបស់ជនរងគ្រោះ នៅចំណុចមុខវត្តសំរោងអណ្តែត តាមផ្លូវបេតុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បន្ទាប់មកជនសង្ស័យ បានជិះរថយន្តម៉ាកព្រូស មកជួយអន្តរាគមន៍ រហូតឈានដល់ការបង្កហិង្សាលើជនរងគ្រោះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង