អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ
ភ្នំពេញ៖ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ជាខួប៥ឆ្នាំ (២ ធ្នូ ២០១៥– ២ធ្នូ ២០២០) នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅប្រទេសណាមីប៊ី។
ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេង ក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកំសាន្ត។ ល្បែងទាញព្រ័ត្របានផ្សារភ្ជាប់ ទៅនឹងប្រពៃណី និងវប្បធម៌ខ្មែរហើយយើងអាចឃើញភស្តុតាងមានតម្លៃជាប្រវត្តិសាស្ត្រ តាមរយៈចម្លាក់នៅលើប្រាង្គប្រាសាទនានា ដែល និយាយពីរឿងកូរសមុទ្រទឹកដោះ។ កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ។
សូមបញ្ជាក់ថា៖ប្រវត្ដល្បែងប្រជាប្រិយ ទាញព្រ័ត សមាសភាព នៃអ្នកចូលរួមលេងគេ ចែកចេញជា២ ក្រុម។ មុនដំបូង គេជ្រើសរើសបុរសម្នាក់និងស្រី្តម្នាក់ ដែលមានមាឌធំ មាំ ឲ្យ ធ្វើជាអ្នកឈរកាន់ចុងព្រ័ត្រ ។ បុរស និង ស្ត្រីនោះត្រូវកាន់ចុងម្ខាងម្នាក់ ហើយឲ្យ ប្រុស ម្នាក់ និង ស្រី ម្នាក់ទៀត ដែលមាន មាឌធំ ឈរ កណ្ដាល ព្រ័ត្រ ត្រង់កន្លែងដែលពួកទាំងពីរ ឈរ សម្រាប់ នាំ ពួកខ្លួនឲ្យខំទាញ រៀងៗខ្លួន ។ ចំណែកឯ អ្នក ដែលមាន មាឌតូចៗ ស្គមៗ កម្លាំងអមខ្សោយៗ គេ ឲ្យ ឈរ កណ្ដាល ។
លុះ រៀបចំរួចហើយគេឲ្យមនុស្ស ប្រុសម្នាក់ កាន់ សំភោរ ឬ គង ឬក៏រគាំងឈរ ត្រង់កណ្ដាលទីជិត អ្នក ទាំងពីរ ដែលកាន់ខ្សែឈរ ប្រទល់មុខគ្នា នោះ ផ្ដើមស្រែក ឡើង ព្រមគ្នាថាយក្សអរ (១) !.!ឮ យ៉ាងខ្លាំងៗ ធ្វើសំឡេង វែងៗ រលាក់រលែក យ៉ាង គ្រលួច ។ រីឯ អ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មាន ជួយ ស្រែកទទួល ឡើងព្រមគ្នាថាហ៊ោវ៉ឺយៗ៣ ដង ទើបនាំគ្នាទាញប្រុង យកជ័យជនះតែរៀងខ្លួន ។
ពេល លេង ម្ដងៗ អស់ ថិរវេលាពី ៥-៦ នាទី ដល់ ១០ នាទី ឡើងទៅ ទើបឃើញឈ្នះ ឃើញចាញ់ ។ កាល ដឹងថា ខាងណាឈ្នះ ខាងណាចាញ់ហើយ គេ ចាប់ផ្ដើម លេងសារជាថ្មី ម្តងទៀតដរាបដល់ហត់ រៀងៗខ្លួនទើបឈប់ ។ ដើម្បីទទួលបានជ័យជម្នះ ភាគីនីមួយៗ ត្រូវរួមកម្លាំង គ្នា ដោយឥត រាថយ ។ ពួកគេ ត្រូវសាមគ្គឺគ្នា និងប្រើកម្លាំង រួមគ្នាព្រមទាំងបញ្ចេញសមត្ថភាពឲ្យ អស់ពីក្នុងខ្លួនដើម្បីយកឈ្នះលើដៃគូប្រកួតរបស់ខ្លួន ៕ សំរិត