ទីតាំង Internet ២៤ម៉ោងមួយកន្លែង មានយីហោ 2888 លើផ្លូវ២៧១ សង្ស័យមានបង្កប់ល្បែងស៊ីសង
(ភ្នំពេញ) ៖ ទីតាំង Internet ២៤ម៉ោងមួយកន្លែង មានយីហោ 2888 សង្ស័យ មានបង្កប់ល្បែងស៊ីសង ខណៈពលរដ្ឋរាយការណ៍ថា តែងមានមនុស្សចេញចូលលេងរៀងរាល់ថ្ងៃ ពិសេសនៅពេលយប់ជ្រៅរំលងអធ្រាត្រ ឬទៀបភ្លឺ ។
ទីតាំងខាងលើ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ក្បែរនឹងមន្ទីរពេទ្យរុស្ស៊ី ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។ សូមបញ្ជាក់ថា ទីតាំង internet ខាងលើនេះ បើរាប់ខែកន្លងមកហើយ ដោយជ្រកក្រោម អាជីវកម្មវេរលុយ Wing ។
គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោល នយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។
មហាជនទូទៅ និង ប្រជាពលរដ្ឋនៅក្បែរទីតាំងខាងលើកំពុងរងចាំមើល ចំណាត់ការអាជ្ញាធរខណ្ឌមានជ័យតើនឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងដុះស្លែមួយនេះបែបណា?
ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែង ស៊ីសងនេះ បង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែង ស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម ៕