ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ ចាប់ផ្តើមដំណើរការអ៊ុតបេទីម

629

ព្រះសីហនុ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានអញ្ជើញបើកឱ្យដំណើរការ ការអ៊ុតបេទីម លើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ និងពិនិត្យមើលសកម្មភាពសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀតនៃផ្លូវទាំងនេះនៅព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។

គួរបញ្ជាក់ថា គម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមអ៊ុតកៅស៊ូបេទីមីន័រកម្រាស់ ០.០៧ ម៉ែត្រ បន្ថែមពីលើបេតុង ដែលបានចាក់រួចជាបន្តបន្ទាប់មានកម្រាស់០.២៥ម៉ែត្រ នៅថ្ងៃទី២ខែធ្នូនេះក្រោយពីថ្ងៃ បើកការដ្ឋានសាងសង់ជាផ្លូវ ការ ក្រោមអធិបតីភាពសម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ ២០១៩ រួចមក។ ជាជំហានដំបូងនេះក្រុមការងារនឹងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេង ទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។ ក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមនឹងសហការគ្នាដើម្បីឱ្យដំណើរការស្ថាបនា និងអ៊ុតបេទីមធានាបាននូវបរិមាណ គុណភាព និងសោភ័ណ ភាព ក្នុងខេត្តព្រះសីហនុរបស់យើង បំរើឱ្យវិស័យទេសចរណ៍ និងវិនិយោគនាពេលខាងមុខ។

សូមជម្រាបផងដែរថា ចំពោះក្រុមហ៊ុនដែលទទួលគម្រោងអ៊ុតបេទីមលើផ្លូវទាំង ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុ មានចំនួន ៣ក្រុមហ៊ុនគឺ៖
១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលអ៊ុតបេទីម ផ្លូវចំនួន០៥ខ្សែ ទទួលអ៊ុតផ្លូវចំនួន ៥ខ្សែ ចាប់ ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវ: ដល់រង្វង់មូលផ្លូវបំបែករាម ជាប់ (ផ្លូវជាតិលេខ៤)។
២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលចំនួន១២ខ្សែ ចាប់ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវា: ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃ នប់ ឆ្ពោះមកកាន់មហាវិថីជំទាវម៉ៅ។
៣.ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ផ្លូវចំនួន ១៧ខ្សែ ទទួលអ៊ុតផ្លូវចំនួន ១៧ខ្សែ ចាប់ផ្តើមអ៊ុតចេញពីរង្វង់មូលតោពីរទៅដល់ផ្លូវពូលូវ៉ៃ (ផ្លូវលេខ៥០០)ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយក្រុមហ៊ុនទាំង៣នេះកំពុងដំណើរការអ៊ុតបេទីមព្រមៗគ្នា។ ដោយឡែកក្រុមហ៊ុន L.S Construction Lee Service Cambodia PTC,LTD បានឱ្យដឹងថា ក្រុមហ៊ុនប្រើពេលវេលា ៩០ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ ២០២១ ខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង