អាជ្ញាធរខណ្ឌបឹងកេងកង ចែកម៉ាសជូនប្រជាជន ពេលធ្វើដំណើរឆ្លងកាត់ មុខសាលាខណ្ឌ
ភ្នំពេញ៖ អាជ្ញាធរខណ្ឌបឹងកេងកង បានបន្តចែកម៉ាសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់រដ្ឋបាលសង្កាត់ទាំង ០៧ និងគណៈកម្មការគ្រប់គ្រងផ្សារទាំង០២នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ។
បន្ទាប់ពីធ្វើពិធីចែកម៉ាស នៅសាលាខណ្ឌរួច ក្នុងនោះរដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានបន្តចលនាយុទ្ធនាការចុះចែកម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនសង្កាត់ទាំង០៧ ផ្សារទាំង០២ ក្នុងនោះមួយសង្កាត់ទទួលបាន ១ពាន់ម៉ាស និងផ្សារមួយទទួលបាន១ពាន់ម៉ាសដូចគ្នា។ ក្រោយពីបានទទួលម៉ាស ក្រុមការងារក៏បានបន្តចែកម៉ាស ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ ដោយឆ្លងកាត់មុខសាលាខណ្ឌបឹងកេងកង លើបណ្តោយមហាវិថីម៉ៅសេទុង និងផ្លូវ១៦៣។
ក្នុងនោះដែរ រដ្ឋបាលខណ្ឌបឹងកេងកង ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសឆ្ងាយពីមេរោគកូវីដ-១៩ទាំងអស់គ្នា៕