រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិស្តីពី «ការពង្រឹងតួនាទីស្ត្រីក្នុងការកសាងនិងរក្សាសន្តិភាព៖ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល»
ភ្នំពេញ៖បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅ ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២០បានឲ្យដឹងថា តបតាមការអញ្ជើញរួមរបស់ឯកឧត្តម ផាម ប៊ិញ មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ Phumzile Mlambo-Ngcuka អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (អ.ស .ប) និងជានាយកប្រតិបត្តិនៃអង្គការUNWOMEN ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី “ការពង្រឹងតួនាទីស្ត្រីក្នុងការកសាងនិងរក្សាសន្តិភាព៖ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល” នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងសុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងបញ្ជាក់អំពីការកើនឡើង នូវតួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រី ក្នុងការរួមចំណែកដល់ការកសាងសង្គមដែលយុត្តិធម៌ មាន បរិយាប័ន្ន ប្រកបដោយវិបុលភាព និងសន្តិភាពនៅជុំវិញពិភពលោក។ ឯកឧត្តម នឹងគូសបញ្ជាក់អំពី គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់កម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង ការផ្តល់អំណាចដល់ស្ត្រី ហើយនឹងអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសមភាព និងសមធម៌យេនឌ័រ។ ឯកឧត្តម ក៏នឹងផ្តល់អនុសាសន៍ជាក់ស្តែងនិងអាចអនុវត្តបានមួយចំនួនដល់ សន្និសីទអន្តរជាតិខាងលើ ផងដែរ។
លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី ក៏នឹងអញ្ជើញចូលរួមតាម ប្រព័ន្ធវីដេអូ នៅក្នុងសម័យប្រជុំពេញអង្គនីមួយៗនៃសន្និសីទនេះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។
ព្រឹត្តិការណ៍សកលនេះ មានគោលបំណងជំរុញការកសាងសន្តិភាពឆ្លើយតបនឹងយេនឌ័រ ព្រមទាំងស្ដាប់ការចូលរួមដ៏មានសារសំខាន់របស់ស្ត្រី និងការផ្តល់ហិរញ្ញប្បទានសម្រាប់ការកសាងសន្តិភាព ដោយរួមបញ្ចូលទាំងយេនឌ័រ។ នៅក្នុងឱកាសនៃសន្និសីទនេះ ថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់មកពីអ.ស.ប និងប្រទេសជាសមាជិកអ.ស.ប. អង្គការអន្តរជាតិនិងតំបន់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការស្ត្រីប្រតិបត្តិករកសាងសន្តិភាព និងស្ថាប័នពាក់ព័ន្ធដទៃទៀត នឹងធ្វើការឆ្លុះបញ្ចាំងពី បទពិសោធន៍របស់ស្ត្រីនៅក្នុងដំណើរការចូលរួមកសាងសន្តិភាព ក៏ដូចជាពិនិត្យនូវគម្លាតយេនឌ័រ ក្នុងពេលបច្ចុប្បន្ន និងការប្តេជ្ញាចិត្តដើម្បីពន្លឿនសកម្មភាពក្រោយ ឆ្នាំ២០២០៕