ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អ៊ុន ចាន់ដា ចុះពិនិត្យមើលការសាងសង់លូបង្ហូរទឹកថ្មី រំដោះទឹកចេញ ពីក្រុងកំពង់ចាម

81

ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ មន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យការសាងសង់លូរំដោះទឹកថ្មី ចេញពីក្រុងកំពង់ចាម បន្ទាប់ពីលូចាស់ទទួលរងការបាក់ស្រុត កាលពីពេលកន្លង ទៅនៅចំណុចមាត់ទន្លេជិតគល់ ស្ពានគីហ្សូ ណា ស្ថិតនៅក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ ពិធីកាលពីថ្ងៃចន្ទ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ។ 

      តាមការបញ្ជាក់របស់មន្ត្រីបច្ចេកទេសសាងសង់បានឱ្យដឹងថា លូរំដោះទឹក ចេញពីក្រុង កំពង់ចាមចាស់ រងការខូចខាត កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ បន្ទាប់មានភ្លៀងធ្លាក់មួយមេធំនោះ។ ការសាងសង់លូថ្មីនេះ ត្រូវកាយជីកលូចាស់ ចេញ និងធ្វើការ បុកគ្រឹះការពារការបាក់ស្រុតបន្តទៀត និងធ្វើការចាក់បេតុងក្រវាត់ប្រព័ន្ធលូថ្មី និងចាក់បេតុង គ្របពីលើមួយជាន់ទៀត ។ បច្ចុប្បន្នការ សាង សង់ប្រព័ន្ធលូថ្មីនេះ បានប្រមាណ៧០ភាគរយ ហើយដែលមានប្រវែង៨០ម៉ែត្រ ចាប់ពីមាត់អណ្តូងលូចាស់ ទៅដល់ច្រាំងទន្លេ។ លូថ្មីនេះ ត្រូវប្រើប្រាស់ប្រព័ន្ធលូមុខ៣ ដែលមុខកាត់លូនីមួយៗទំហំ ០,៨ម៉ែត្រ និងសង់អណ្តូងលូបណ្តែត ចំនួន២ បន្ថែមទៀត ដើម្បីការពារការកកស្ទះផងដែរ។

   ក្នុងឱកាសនៃការចុះពិនិត្យការសាងសង់ នេះលោក អ៊ុន ចាន់ដា អភិបាលខេត្ត បានធ្វើការណែនាំដល់អ្នក ទទួលសាងសង់លូ ក៏ដូចក្រុមបច្ចេកទេសមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ឱ្យបានត្រឹមត្រូវ ដើម្បីធានាបាន នូវ គុណភាពសំណង់រឹងមាំនិងចៀសវាងការបាក់ ស្រុត ឬហូច្រោះ ដែលអាចបង្កការខូចខាត ដល់សំណង់ថ្មីនេះ និងបង្កគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ៕

 

អត្ថបទដែលជាប់ទាក់ទង