ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់អ្នករត់ PassApp ២ នាក់ បងប្អូនបង្កើត វាយជនជាតិអង់គ្លេស ព្រោះ ជិះមិនឲ្យលុយ

198

 

ខេត្តកំពត ៖ អ្នករត់ម៉ូតូកង់បី (PassApp) ២នាក់បងប្អូនបង្កើត ដោះខ្សែក្រវាត់ វាយជនជាតិអង់គ្លេស ខណៈជនជាតិអង់គ្លេសជិះម៉ូតូហើយគ្មានលុយឲ្យ និងរករឿងវាយខ្លួនទៀត។ អ្នករត់ម៉ូតូកង់បី ត្រូវបាននគរបាលព្រហ្មទណ្ឌខេត្តកំពត ឃាត់ខ្លួន ដោយយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះបានប្តឹងថា មានជនល្មើសគ្នា២នាក់ ធ្វើសកម្មភាពប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិពីគាត់ ។

របាយការណ៍ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថានៅ ថ្ងៃសុក្រ ទី ១១ ខែធ្នូ ឆ្នាំ២០២០ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនឈ្មោះ អឿង វាសនា ហៅក្រៅ ជ្រូក ឬ ស្វិត ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ អឿង អ៊ឹងហួត ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីរជាបងប្អូនបង្កើត មានស្រុកកំណើតនៅភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត មុខរបររត់ម៉ូតូPassApp ដូចគ្នា ។ ឃាត់ខ្លួនពីបទ ហិង្សាចេតនា លើជនជាតិអង់គ្លេស កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ មូលហេតុជនជាតិអង់គ្លេសនេះ ជិះPassApp មិនឱ្យលុយ ហើយចង់រកវាយទៀត ទើបអ្នកទាំងពីរដោះខ្សែក្រវាត់ វាយតែម្តងទៅ ។

សូមបញ្ជាក់ថា៖ នាពេលទទួលបណ្តឹង ជនរងគ្រោះបានប្តឹងថា មានជនល្មើសគ្នា២នាក់ ធ្វើសកម្មភាពប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិពីគាត់ ប៉ុន្តែក្រោយពេលស្រាវជ្រាវករណីនេះជាអំពើហិង្សាចេតនា ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង