ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់

71

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីករណីវិជ្ជមានកូវីដ១៩ ថ្មីចំនួន ២នាក់ ដែលជាករណីនាំចូល មិនមែនជាករណីឆ្លងក្នុងសហគមន៍នោះទេ។

អ្នកទាំង២នាក់ដែលរកឃើញវិជ្ជមានវីរុសកូវីដ-១៩ រួមមាន៖

១៖ បុរសជនជាតិហ្សកដានី អាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសហ្សកដានី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុណាករបស់បុរសនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៧៧នាក់ ដែលនៅក្នុងចំនួននេះ មានបុរសខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៧៦នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន ៣១នាក់ និងសណ្ឋាគារមួយទៀត ចំនួន ៤៥នាក់។

២៖ បុរសជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកបានធ្វើដំណើរមកពីប្រទេសម៉ាលី បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលខាងលើ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេងនិងហង់សិន។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន៦៣នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៦២នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ចំនួន ៣១នាក់ សណ្ឋាគារមួយទៀត ចំនួន ០១នាក់ និងសណ្ឋាគារផ្សេងមួយទៀតក្នុងរាជធានីភ្នំពេញ ចំនួន ៣០នាក់។

ការធ្វើតេស្តវត្ថុសំណាកអ្នកប៉ះពាល់ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» លើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ សរុបមានចំនួន ៨,៨១៤សំណាក ដោយបូកនឹងវត្ថុសំណាកនៅសល់ចំនួន ៦៨សំណាក ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកសរុបមានចំនួន ៨,៨៨២សំណាក ដែលនៅក្នុងចំនួននេះ មានចំនួន ៣,០០២សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។

ដោយឡែកមាននៅសល់វត្ថុសំណាកចំនួន ៥,៨៨០សំណាកទៀត ដែលត្រូវធ្វើវិភាគបន្តនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។

សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤០នាក់ (ស្រី ១៩នាក់ និងប្រុស ២១នាក់)។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧:០០ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៥៩នាក់ (ស្រី ៨៤នាក់ និងបុរស ២៧៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៧នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៥២នាក់៕

អត្ថបទដែលជាប់ទាក់ទង