ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលជលផល ខេត្ដស្ទឹងត្រែង ចំណាយថវិកា១លានដុល្លារ សាងសង់ស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីពូជដ៏ធំលើដី១០ ហិកតា

87

ស្ទឹងត្រែង៖  រដ្ឋបាលជលផល ខេត្ដស្ទឹងត្រែ បានសាងសង់ស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីពូជដ៏ធំ លើក ដំបូង  ដោយគ្រោងចំណាយថវិកា របស់គម្រោងគ្រប់គ្រងធនធានទឹក ចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ ចំនួន ១លានដុល្លារ នៅលើផ្ទៃដីជាង១០ហិកតា  ។

ក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី នៅចំណុចអូរខ្លុង ភូមិ-ឃុំសាមឃួយ ស្រុកសេ សាន ខេត្តស្ទឹងត្រែង ថ្ងៃទី១៣ ធ្នូ ឆ្នាំ ២០២០ ក្រោមវត្ដមាន លោក ឆេង ផែន អគ្គនាយករងរដ្ឋបាលជលផល និងជានាយកគម្រោងមេគង្គ មានប្រសាសន៍ថា៖ មជ្ឈមណ្ឌលគ្រោង បញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២១ ។

លោកបន្តថា៖ នៅពេលបង្កើតបានស្ថានីយនេះរួច យើងអាចផ្ទេរបច្ចេកទេសឱ្យ ដល់កសិករ ទាំងការផលិតកូនត្រី ក៍ដូចជា ការចិញ្ចឹមត្រីសាច់ ដោយផ្តោតជាសំខាន់ ទៅលើការបណ្តុះបណ្តាលកសិករឱ្យក្លាយ ទៅជាគ្រូ និងជាភ្នាក់ងារផ្សព្វផ្សាយ វារីវប្បកម្មឱ្យមាន នៅតាមមូលដ្ឋាន ។

លោកបន្ដថា ទាំងការផលិតកូនត្រី ការផលិតត្រីសាច់ ការរៀបចំកន្លែងភ្ញាស់ពូជត្រីសំខាន់ៗនៅស្ថានីយ៏ ដ៏ធំមួយនេះ អាចបំពេញសេចក្តីត្រូវការ និងផ្គត់ផ្គង់កូនត្រី សម្រាប់ខេត្តនៅភូមិភាគឦសាន្ដ ។ 

លោក ទំ នី រ៉ូ ប្រធានខ័ណ្ឌជលផលស្ទឹងត្រែង បានឱ្យដឹងថា នេះជាការបង្កើន ប្រសិទ្ធភាពការងារគ្រប់គ្រងថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផល ទៅ តាម ច្បាប់ស្តីពីជលផល ដើម្បីកាត់បន្ថយការធ្វើនេសាទ ហួសកម្រិត។ មួយចំណែក ទៀត ផ្នែកជលផលអាចមាន លទ្ធភាពជួយកែប្រែកសិករនិងអ្នក នេសាទ ដែលធ្លាប់តែពឹងផ្អែកលើធនធានធម្មជាតិឱ្យក្លាយទៅជាកសិករចិញ្ចឹមត្រីវិញ។

     សូមបញ្ជាក់ថា ៖ នេះជាលើកទី១ហើយ ដែលខេត្តស្ទឹងត្រែងមានស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីពូជ សម្រាប់ផ្តល់ បច្ចេកទេស និងចែកចាយពូជត្រីទៅវារីវប្បកម្មជាលក្ខណៈគ្រួសារ ឈានទៅធ្ចើជាម្ចាស់ក្នុងការផលិតកូនត្រី  និងធ្វើជាអ្នកចែកចាយពូជត្រីទៅតាមបណ្តាខេត្តនិងទៅប្រទេសជិតខាងវិញ  ៕

 

អត្ថបទដែលជាប់ទាក់ទង