សម្ដេចតេជោ ហ៊ុន សែន ស្នើនាយករដ្ឋមន្ត្រីថៃ សម្រួលដល់ការផ្ដល់ភាព ស្របច្បាប់ដល់ពលករកម្ពុជា
បាងកក៖នៅរសៀលថ្ងៃទី ១៥ ខែ មិថុនា នេះ បន្ទាប់ពីបានអញ្ជើញចូលរួមវេទិកានាយកប្រតិបត្តិ ACMECS ស្ដីពី “ការភ្ជាប់ទៅអនាគតរបស់យើង៖ ការលើកកំពស់កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្ម ACMECS” រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅអាគារសាំងគ្រីឡា ក្រុងបាងកក។
ក្នុងជំនួបរសៀលនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី សប្បាយរីករាយយ៉ាងខ្លាំង ដែលបានជួបពិភាក្សាការងារជាមួយលោក នាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ នៅសិង្ហបុរី កាលពីខែ មេសា កន្លងទៅនេះ។
សម្ដេចតេជោ បានសាទរចំពោះការកើនឡើងនូវទំហំពាណិជ្ជកម្មទ្វេភាគីពី ៥.៦០៩ លានដុល្លារ ឆ្នាំ២០១៦ ដល់ ៦.១៦៥ លានដុល្លាអាមេរិកនៅឆ្នាំ២០១៧។ សម្ដេចតេជោ បានស្នើសុំភាគីទាំងពីរ ធ្វើកិច្ចសហប្រតិបត្តការអោយកាន់តែជិតស្និទ្ធថែមទៀត ដើម្បីសម្រេចបានគោលដៅ ពាណិជ្ជកម្មទ្វេភាគី ១៥ ប៊ីលានដុល្លា នៅឆ្នាំ២០២០។
នៅក្នុងឱកាសនេះដែរ សម្ដេចតេជោ បានស្នើសុំអោយភាគីថៃជួយជំរុញពន្លឿន ការចុះហត្ថលេខាលើសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីទំនិញឆ្លងកាត់ និងកំពុងរង់ចាំការបំពេញនីតិវិធីផ្ទៃក្នុង ដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។ សម្ដេចតេជោ បានស្នើសុំអោយរាជរដ្ឋភិបាលថៃ ជួយជំរុញវិនិយោគិនថៃមកវិនិយោគនៅកម្ពុជា អោយកាន់តែច្រើនឡើងថែមទៀត។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ភាគីថៃ ដែលជួយសម្រួលដល់ការផ្ដល់ភាព ស្របច្បាប់ដល់ពលករកម្ពុជា ហើយកម្ពុជានឹងខិតខំប្រឹងប្រែង ផ្ដល់ភាពស្របច្បាប់ដល់ពលករដែលមិនទទួលសិទ្ឋិរស់នៅីធ្វើការស្របច្បាប់ អោយបានរួចមុនដំណាច់ខែមិថុនា ឆ្នាំ២០១៨ នេះ។
សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ភាគីថៃ ដែលបានផ្ដល់ក្បាលរថភ្លើងមួយគ្រឿងដល់កម្ពុជា ហើយស្នើសុំភាគីទាំងសងខាងជួបប្រជុំចរចាគ្នា លើកិច្ចព្រមព្រៀងកម្ពុជា-ថៃ ស្ដីពីបច្ចេកទេស និងនីតិវិធីដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវដែក ដើម្បីឈានដល់ការឯកភាព និងចុះហត្ថលេខាក្នុងពេលដ៏ខ្លីខាងមុខ។ ព្រមទាំងបានជំរុញអាជ្ញាធរ ពាក់ព័ន្ធ ចាប់ផ្ដើមពិភាក្សាពីការបើកច្រកទ្វារព្រំដែនអន្តរជាតិ នៅ អូរនាង(ខេត្តបន្ទាយមានជ័យ) – បានប៉ារ៉ៃ(ខេត្តស្រះកែវ), ទន្ទឹមនឹងការការបើកច្រកទ្វារអន្តរជាតិ ស្ទឹងបត់-ណងអៀន។
ជំនួបថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគឺបានរឹតចំណងទំនាក់ទំនងប្រពៃណីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការថែររក្សាសន្តិភាពតាមព្រំដែនរវាងប្រទេសទាំងពីរ អោយកាន់តែល្អប្រសើរឡើង។ បន្ទាប់ពីកិច្ចប្រជុំទ្វេភាំគីរួចហើយ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយនោកនាយករដ្ឋមន្រ្តីថៃ និងលោកជំទាវ នៅសណ្ឋាគារ Shangri La Hotel ប្រកបដោយភាពស្និទ្ឋស្នាល និងរីករាយក្រៃលែង៕