ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អបអរសាទរ ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

114

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួបលើកទី២៨ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃចន្ទនេះ បានចេញសារលើផេកហ្វេសប៊ុកថា នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល ។

រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមំាក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ ។ បច្ចុប្បន្នអង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍លេខ១នៅលើពិភពលោក ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា ។

កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។

សូមបញ្ជាក់ថា ការចុះបញ្ជីបេតិកភណ្ឌនេះ គឺមិនមែនសំដៅទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ ពោលគឺអង្គរវត្ត គ្រាន់តែជាប្រាសាទមួយ ក្នុងចំណោមប្រាសាទជិត១០០ ដែលបានចុះបញ្ជី។ បេតិកភណ្ឌអង្គរដែលបានចុះបញ្ជីនេះ គឺរមណីយដ្ឋានអង្គរទាំងមូល ដែលមានប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ។

តំបន់អង្គរ ឬរមណីយដ្ឋានអង្គរ ដែលត្រូវបាន ចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនេះ មានផ្ទៃដីសរុប ៤០១គីឡូម៉ែត្រក្រឡា ដែលបែងចែកជាបីតំបន់ធំៗគឺ ៖ តំបន់កណ្តាលដែលមានប្រាសាទច្រើន ដូចជាប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម នាគព័ន្ធ។ល។ មានផ្ទៃដីសរុប ៣៥១០០ហិកតា។ តំបន់ខាងជើងដែលមានប្រាសាទបន្ទាយស្រី មានផ្ទៃដីសរុប ២០០០ហិកតា។ តំបន់ខាងត្បូង ឬហៅថា តំបន់រលួសដែលមានប្រាសាទបាគង ព្រះគោ លលៃ។ល។ មានផ្ទៃដីសរុប ៣០០០ហិកតា។ សរុបតំបន់ទាំងបីនេះមក ហៅថា ឧទ្យានអង្គរ ឬរមណីយដ្ឋានអង្គរ។

ក្នុងឧទ្យានអង្គរទាំងមូលមានរបស់៣ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក មិនអាចកាត់ផ្តាច់ពីគ្នាបានគឺ ប្រាសាទ បរិស្ថាន និងសហគមន៍មនុស្ស ឬហៅម្យ៉ាងទៀតថា វប្បធម៌ ទេសភាព និងប្រជាជន។

*ប្រាសាទ

ក្នុងពេលដែលអង្គរត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក មានប្រាសាទ ស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រសរុបចំនួន៩១។ ត្រង់ចំណុចនេះ អ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ចំនួន៩១ ដែលមានក្នុងចុះបញ្ជីកាលណោះ ដោយសារយោងតាមបញ្ជីចាស់ ដែលធ្លាប់បានស្រាវកន្លងមក និងដោយត្រួសៗប៉ុណ្ណោះ។ តែក្រោយមកទៀត អ្នកបុរាណវិទ្យាបានរកឃើញប្រាសាទ និងស្ថានីយបុរាណរាប់រយទៀត ដែលស្ថិតនៅក្នុងតំបន់អង្គរ តែមិនទាន់មានឈ្មោះនៅក្នុងបញ្ជីនៅឡើយ។ លោកបានលើកឧទាហរណ៍ថា គ្រាន់តែប្រភេទឧបោសថាគារនៅអង្គរធំ ជុំវិញប្រាសាទបាយ័ន និងក្នុងព្រៃមានដល់ទៅ១០០ ហើយគ្រឹះប្រាសាទដែលកប់ ក្នុងព្រៃក៏មានដល់ទៅរាប់រយទៀត។

*បរិស្ថាន

បរិស្ថានដែលសំខាន់នៅតំបន់អង្គរ គឺព្រៃឈើ និងទឹក។ តាមសិ្ថតិជំរឿនព្រៃឈើក្នុងឆ្នាំ២០១៣ របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ព្រៃឈើនៅក្នុងឧទ្យានអង្គរមានប្រមាណជាង៥៧០០ហិកតា គឺស្មើនឹង១៣%នៃផ្ទៃដីទាំងមូល។ ព្រៃឈើមិនត្រឹមជាប្រភពនៃភ្លៀងប៉ុណ្ណោះទេ តែមានតួនាទីពិសេសសម្រាប់ប្រាសាទ ធ្វើជារនាំងការពារប្រាសាទ ទប់ទល់នឹងខ្យល់ព្យុះភ្លៀងខ្លាំង ដែលបក់បោកមកលើប្រាសាទ និងជាម្លប់ការពារប្រាសាទទៀតផង។ ជាពិសេសព្រៃឈើប្រៀប ដូចជាសម្លៀកបំពាក់ ឬជាអលង្ការ ដែលធ្វើឲ្យប្រាសាទមានភាពរឹងរឹត តែស្រស់បំព្រងថែមទៀត។ ប្រាសាទតាព្រហ្ម គឺជាឧទាហរណ៍ជាក់ស្តែងមួយ ដែលបានទាក់ទាញទេសចរ រាប់ពាន់នាក់ចូលទៅទស្សនារៀងរាល់ថ្ងៃ។

ក្រៅពីព្រៃឈើ ទឹកជាបរិស្ថានដ៏សំខាន់មួយទៀត ផ្សារភ្ជាប់ខ្លួននឹងអង្គរដែរ។ កាលណាគេនិយាយពីអង្គរ គេតែងនឹកដល់បារាយណ៍ខាងលិច ដែលហៅថា បារាយណ៍ទឹកថ្លា ដែលមានទំហំ ៨គមx ២.២គម ជាសំណល់នៃវិស្វកម្មធារាសាស្ត្រ ទុកប្រើប្រាស់ ជាពិសេសសម្រាប់ការងារកសិកម្មរហូតដល់សព្វថ្ងៃ។ បារាយណ៍ខាងជើង ដែលបានរីងស្ងួតទឹកជាង៥០០ឆ្នាំកន្លង ក៏ត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលប្រព័ន្ធទឹកបុរាណ បញ្ចូលទឹកពេញ ដែលមានប្រាសាទនាគព័ន្ធនៅចំកណ្តាលគួរឲ្យចង់គយគន់ក្រៃលែង។ ក្រៅពីនេះ ប្រព័ន្ធផ្លូវទឹកខ្វាត់ខ្វែង កសិណទឹក ស្រះបុរាណ ដែលមាននៅក្នុងឧទ្យានអង្គរ ហាក់ដូចជាសរសៃឈាម នៃរាងកាយរបស់មនុស្សយើងដូច្នោះដែរ។ បណ្តាញធារាសាស្ត្រដ៏ធំនេះ គឺសម្រាប់បញ្ជៀសទឹកជំនន់ មិនឲ្យលិចលង់ដល់ប្រាសាទ និងក្រុងសៀមរាបទាំងមូល។ ជាពិសេស ទឹកក្នុងកសិណជុំវិញប្រាសាទនានា ជាប្រភពទឹកផ្ទុកនូវសំណើមជាប្រចាំ ថែរក្សាគ្រឹះប្រាសាទដែលជាខ្សាច់កុំឲ្យស្ងួត ធ្វើឲ្យដួលរលំ ឬទ្រេតប្រាសាទ និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទ។

*ប្រជាជន

តំបន់ជុំវិញប្រាសាទសុទ្ធតែជាភូមិ។ ភូមិក្នុងឧទ្យានអង្គរបច្ចុប្បន្នមាន១១៣ភូមិ ២១ឃុំសង្កាត់។ ភូមិទាំងនេះមានប្រជាជនរស់នៅតៗគ្នា រាប់ជំនាន់មកហើយ ដែលបានផ្តល់ឲ្យនូវ លក្ខណៈពិសេសដល់ឧទ្យានអង្គរ ឲ្យទៅជាមត៌ករស់។ អ្នកស្រុកទាំងនេះ ត្រូវបានចាត់ទុកថាជាបេតិកភណ្ឌដែរ ដោយសារអ្នកទាំងនោះ បានថែរក្សាបេតិកភណ្ឌអរូបីដែលមាន ទំនៀមទម្លាប់ ប្រពៃណី ពិធីបុណ្យទាន បន់ស្រន់ សាសនា ព្រមទាំងសិប្បកម្ម និងរបៀបរស់នៅប្រចាំថ្ងៃ តាំងពីយូរលង់មកហើយ។ ភាសានិយាយក៏ជាមត៌កដែរ ដូចជាអ្នកភូមិប្រដាក ភូមិអូរទទឹង ជាដើម មានភាសា និងសំនៀងប្លែកពីគេឯង។

បច្ចុប្បន្នប្រពៃណីមួយចំនួន ដែលអ្នកនៅតំបន់ផ្សេងៗបានបំភ្លេចចោល ឬមិនសូវយកចិត្តទុកដាក់ នៅតែកំពុងបន្តប្រតិបត្តិ ដោយអ្នកស្រុកអង្គរនៅឡើយ។ ទំនៀមទាំងនោះមានដូចជា ពិធីកោរជុក ពិធីឡើងអ្នកតា ពិធីហៅទឹកភ្លៀង ពិធីហៅព្រលឹង ។ល។ អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចគ្រប់គ្រង អភិវឌ្ឍន៍រមណីយដ្ឋានអង្គរ កំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំង លើទំនៀមទាំងអស់នេះ ដោយធ្វើយ៉ាងណា ឲ្យទំនៀមទាំងនេះ អាចគង់វង្សតកូនតចៅរហូតតទៅ៕

https://www.facebook.com/111975152184324/posts/3599606323421172/

អត្ថបទដែលជាប់ទាក់ទង