ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សកម្មភាពឆបោកប្រាក់ របស់ឧក្រិដ្ឋជនបច្ចេកវិទ្យា

92

ភ្នំពេញ៖នាយកដ្ឋានព័ត៌មានវិទ្យា៖ នាពេលថ្មីៗនេះ សកម្មភាពឆបោកប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសលេីបណ្តាញ ទំនាក់ទំនងសង្គម ​ជាច្រើនករណី បន្តកើតមានឡើង ក្នុងព្រះរាជាណាចក្រកម្ពុជា។ អំពើឆបោកប្រាក់ប្រើប្រាស់ មធ្យោបាយបច្ចេកវិទ្យា (Money Scam) ជាការលួងលោម ឆបោកជនរងគ្រោះថា នឹងឲ្យរបស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់មួយចំនួន ដើម្បីសម្រួលនីតិវិធី សេវាដឹកជញ្ជូន ឬសេវាពន្ធ ប៉ុន្តែពុំមានរបស់ ឬប្រាក់បានប្រគល់ជូន ជនរងគ្រោះដូចការសន្យានោះឡើយ។

ដើម្បីសម្រេចគម្រោងឆបោក ដំបូងឧក្រិដ្ឋជនបានស្វែង រកលេខទូរស័ព្ទ ឬអុីម៉ែល​របស់ជនរងគ្រោះលើ បណ្តាញទំនាក់ទំនងសង្គម គេហទំព័រទិញលក់ ឬគេហទំព័រស្វែងរកការងារជាដើម។ បន្ទាប់មកឧក្រិដ្ឋជនធ្វើការទាក់ទងទៅ កាន់ជនរងគ្រោះ ដោយប្រើប្រាស់បច្ចេកទេសឆបោក មួយចំនួនដូចខាងក្រោម (មានច្រើនជាងនេះ)៖

១- ប្រាប់ជនរងគ្រោះថា ទទួលបានកេរ្តិ៍មរតក ពីសេដ្ឋីក្រៅប្រទេស នូវទឹកប្រាក់រាប់លានដុល្លារអាមេរិក និងតម្រូវប្រាក់កក់ ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

២- ប្រាប់ជនរងគ្រោះថា ឈ្នះរង្វាន់ធំពី កម្មវិធីឆ្នោតផ្សេងៗ ដែលមានទំហំទឹកប្រាក់ រាប់ម៉ឺនដុល្លារអាមេរិក និងតម្រូវប្រាក់កក់ ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

៣- ប្រាប់ជនរងគ្រោះថាខ្លួនមានឧបករណ៍ និងក្រដាស់បោះពុម្ពប្រាក់ និងតម្រូវប្រាក់កក់ ដើម្បីបញ្ជូនឧបករណ៍ទាំងនោះទៅឲ្យជនរងគ្រោះ។

៤- ប្រាប់ជនរងគ្រោះថា ឈ្នះរង្វាន់ទទួលបាន សិទ្ធិរស់នៅក្រៅប្រទេស និងតម្រូវប្រាក់កក់ ដើម្បីរត់ការឯកសារ។

៥- ប្រាប់ជនរងគ្រោះថាទទួលបានការងារ ក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។

៦- ដាក់លក់ ឬដេញថ្លៃទំនិញអនឡាញ ដែលមានតម្លៃថោកជាងតម្លៃទីផ្សារ និងតម្រូវជនរងគ្រោះ ទូទាត់ប្រាក់មុនបញ្ជូនទំនិញ។

៧- ប្រាប់ជនរងគ្រោះថាពួកគេបានគ្រប់គ្រងកុំព្យូទ័រ ឬទូរស័ព្ទដៃ និងបានថតសកម្មភាពអាក្រាតកាយ ជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់ ជាថ្នូរនឹងការលុបរូបភាព ឬវីដេអូទាំងនោះ។

៨- ប្រាប់ជនរងគ្រោះថា នឹងទទួលបានប្រាក់ចំនេញទ្វេដង (Money-Flipping) ប្រសិនជនរងគ្រោះបណ្តាក់ទុនជាមួយខ្លួន។

៩-​ បន្លំគណនីជាបុរស​ ឬនារីស្អាតៗ​ ប្រេីប្រាស់មនោសច្ចេតនា ឆបោកប្រាក់ពីជនរងគ្រោះ (Romantic Scam)។

រាល់ឧបាយកលដូចរៀបរាប់ខាងលើ បន្ទាប់ពីទទួលបានប្រាក់ពីជនរងគ្រោះ ឧក្រិដ្ឋជនពុំបានធ្វើតាមការសន្យា ផ្ទុយទៅវិញពួកគេព្យាយាមប្រើប្រាស់ ហេតុផលផ្សេងៗ ដើម្បីទទួលបានប្រាក់ ជាបន្តបន្ទាប់ពីជនរងគ្រោះ។

នាយកដ្ឋានព័ត៌មានវិទ្យាសូមក្រេីនរំលឹក បងប្អូនមេត្តាពិចារណា កុំឲ្យក្លាយខ្លួនជាជនរងគ្រោះ នៃបទល្មើសខាងលើ៕

អត្ថបទដែលជាប់ទាក់ទង