រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ពិនិត្យការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ និងស្ដារ កែលម្អដងស្ទឹងសៀមរាប
សៀមរាប៖ នៅថ្ងៃអាទិត្យទី១៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើ ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ និងស្ដារ កែលម្អដងស្ទឹងសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ កងវិស្វកម្មក្រសួងការពារជាតិ និងអង្គភាពអនុវត្តការសាងសង់ផ្លូវទាំង ៣៨ខ្សែ ផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីឱ្យក្រុមការងារស្ថាបនាផ្លូវ និងក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេស មានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ មានរបៀបរបបការងារតែមួយ មានស្តង់ដាបច្ចេកទេស និងសម្ភារបរិក្ខារបច្ចេកទេសរួមគ្នា សំដៅសម្រេចការងារឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ ដើម្បីធានាគុណភាព នៃការសាងសង់ផ្លូវទាំង៣៨ ខ្សែនេះ ឱ្យស្របនឹងបទដ្ឋាន និងលក្ខណៈបច្ចេកទេសតាមប្រភេទខ្សែផ្លូវនីមួយៗ ព្រមទាំងបញ្ចប់គម្រោងតាមការគ្រោងទុក ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ មានជំហររឹងមាំ និងមានទិសដៅតែមួយ ពោលគឺ៖ សាងសង់ផ្លូវឱ្យមានប្រសិទ្ធភាព និងគុណភាពរឹងមាំ និងបញ្ចប់គម្រោងតាមផែនការ ដោយគណៈកម្មការអន្តរក្រសួង បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការងាររបស់អ្នកអនុវត្តការសាងសង់ ដោយចុះពិនិត្យផ្ទាល់ជាទៀងទាត់ ធានាគ្រប់ដំណាក់កាលនៃការសាងសង់ គឺអនុលោមតាមគោលការណ៍ និងស្តង់ដាលក្ខណៈបច្ចេកទេស ដែលបានកំណត់ និងត្រូវធ្វើការជាប្រចាំរៀងរាល់២សប្តាហ៍ម្តង ជូនក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ និងគណៈកម្មការអន្តរក្រសួងផងដែរ។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានស្នើឱ្យអង្គភាពទទួលការងារអនុវត្តគម្រោង និងក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវប្រកាន់គោលជំហរនិងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងធ្វើការសហការឱ្យបានស្អិតល្មួតជាមួយស្ថាប័នពាក់ព័ន្ធ លើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ និងការងាររៀបចំសាងសង់ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយគោរពតាមបទដ្ឋានលក្ខណៈបច្ចេកទេស និងសៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ ពិសេសត្រូវមានកម្មករ គ្រឿងចក្រ និងឧបករណ៍សាងសង់ឱ្យបានគ្រប់គ្រាន់ ដើម្បីសម្រេចការងារនេះ ឱ្យបានឆាប់រហ័សតាមការគ្រោងទុក។
ឯកឧត្តមទេសរដ្ឋមន្ដ្រី បានណែនាំឱ្យក្រុមការងារស្ថាបនាសាងសង់ផ្លូវ ត្រូវដាក់ប៉ាណូ បញ្ជាក់ពីម្ចាស់គម្រោង និងអ្នកសាងសង់តាមស្តង់ដារ ដើម្បីឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធបានដឹង និងត្រូវរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ បញ្ចៀស និងសម្រួលចរាចរណ៍ឱ្យបានល្អ ជាពិសេសពេលចុះត្រួតពិនិត្យ និងសាងសង់ត្រូវពាក់ឯកសណ្ឋាន និងប្រើប្រាស់សម្ភារបច្ចេកទេសសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន។
សូមជម្រាបជូនថា នៅក្នុងគម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែនេះ មានអង្គភាពសាងសង់ចំនួន៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋានសាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប។
រីឯ ក្រុមការងារបច្ចេកទេសចម្រុះទទួលបន្ទុការត្រួតពិនិត្យ ទាំងអស់មានចំនួន ៩ក្រុម រួមមាន៖ ១) ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន១៣ខ្សែ អនុវត្តដោយកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ ២)ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៨ខ្សែ អនុវត្តដោយកងវិស្វកម្មតេជោហ៊ុន សែន ខេត្តសៀមរាប ៣) ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៦ខ្សែ អនុវត្តដោយកងវិស្វកម្មសម្ដេចតេជោ ខេត្តសៀមរាប ៤) ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៥ខ្សែ អនុវត្តដោយនាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ ៥) ក្រុមការងារត្រួតពិនិត្យតាមដាន គម្រោងសាងសង់ផ្លូវចំនួន៥ខ្សែ អនុវត្តដោយនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ៦)ក្រុមការងារត្រួតពិនិត្យ តាមដានគម្រោងសាងសង់ផ្លូវចំនួន២ខ្សែ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ៧) ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់មិនស្ថិតនៅក្រោមខ្សែផ្លូវទាំង៣៨ខ្សែ អនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៨)ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបំពាក់សម្ភារកាមេរ៉ាសុវត្ថិភាព អំពូលភ្លើងបំភ្លឺផ្លូវ បរិក្ខារភ្លើងសញ្ញាចរាចរណ៍ និងការដាំដើមឈើ អនុវត្តដោយអគ្គនាយកដ្ឋានសាធារណការ និង៩)ក្រុមការងារសិក្សានគរូបនីយកម្មផ្លូវ គូរប្លង់ ស្ថាបត្យកម្មផ្លូវ លម្ហសាធារណៈ និងរចនាកម្មវត្ថុស្ថាបត្យកម្មនានាដែលទាក់ទងនឹងគម្រោង។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថា៖ ក្រៅពីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែហើយនោះ ក៏នៅមានការស្ដារ កែលម្អធ្វើឱ្យប្រសើរឡើងដងស្ទឹងសៀមរាបប្រវែងជាង ៨គីឡូម៉ែត្រ អនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់សោភ័ណភាពបន្ថែមទៀត ឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ដ្រ និងធម្មជាតិ ក៏ដូចជាដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ផងដែរ។
សូមបញ្ជាក់ជូនថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងទីក្រុងសៀមរាប ខេត្តសៀមរាបចំនួន ៣៨ខ្សែនេះ មានប្រវែង១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារអាមេរិក និងថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ ។
រចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួន ប្រភេទរួមមាន៖ ប្រភេទទី១ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរ ធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុលដោយអ៊ុតក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រឡើងវិញ ប្រភេទទី២ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរ ធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រពីលើ ប្រភេទទី៣ ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ ប្រភេទទី៤ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុលអ៊ុតក្រាលបេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់២៥សង់ទីម៉ែត្រ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចូលអុចធូបនៅទីសក្ការបូជាតាពិច តារាជ និងព្រះអង្គប្រក់នាគ ឋិតក្នុងទឹកដីខេត្តសៀមរាប ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនកើតមានដល់ ក្រុមគ្រួសារមន្ត្រីរាជការក្រោមឱវាទក្រសួង ក៏ដូចជាប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសឱ្យចៀសផុត ពីការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ នៅក្នុងមូលដ្ឋាន ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ៕