អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ចុះចែកអំណោយសង្គ្រោះបន្ទាន់ ចែកជូនដល់គ្រួសាររងគ្រោះ ក្នុងហេតុការណ៍អគ្គីភ័យលេបត្របាក់ផ្ទះ នៅសង្កាត់ច្រាំងចំរេះទី១
ភ្នំពេញ៖នៅម៉ោងជិត១១ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោកស្រី អាន ផល្លា និង លោកស្រី សួស សូលីដា ជាអនុប្រធានគណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ តំណាងលោក ជា ពិសី ប្រធានគណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រី ជាក្រុមការងារអនុសាខាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់ច្រាំងចំរេះទី១ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជាមកឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយអគ្គីភ័យ លេបត្របាក់ផ្ទះសំបែង ចំនួន ០២ ខ្នងផ្ទះស្មើនឹង៦គ្រួសារ មានទីតាំងស្ថិតនៅជាប់នឹងផ្លូវបេតុង ក្រុមទី១ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដោយហេតុការណ៍អគ្គីភ័យនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ។
ក្នុងឱកាសនេះប្រតិភូអនុសាខាខណ្ឌបានសម្ដែងការសោកស្ដាយចំពោះគ្រោះអកុសលខាងលើជាមួយនឹងគ្រួសាររងគ្រោះ និងបានពាំនាំនូវ អំណោយដ៏ថ្លៃថ្លារបស់ កាកបាទក្រហមកម្ពុជា មកឧបត្ថម្ភជូនដល់ គ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន៦ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន រួមមានគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន៕