គណៈកម្មការមូលបត្រកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី រៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ សម្រាប់ការអភិវឌ្ឍទីផ្សារ មូលបត្របំណុល នៅអាស៊ីបូព៌ា
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) និងធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank-ADB) បានសហការគ្នារៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ សម្រាប់ការអភិវឌ្ឍទីផ្សារមូលបត្របំណុល នៅអាស៊ីបូព៌ាដែលកំពុងងើបឡើងស្តីពី “ការអភិវឌ្ឍទីផ្សារមូលបត្ររដ្ឋនៅកម្ពុជា (Developing the Government Bond Market in Cambodia)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃ គ.ម.ក., លោក Herminio Jr. Cortez Runas មន្ត្រីជាន់ខ្ពស់នៃការិយាល័យសមាហរណកម្មហិរញ្ញវត្ថុ នៃលេខាធិការដ្ឋានអាស៊ាន, និងលោកបណ្ឌិត Donghyun Park ឧត្តមសេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ី។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយផ្តោតជាសំខាន់ ទៅលើប្រធានបទចំនួន ៣ រួមមាន៖ ១). ការអភិវឌ្ឍទីផ្សារដំបូងរបស់មូលបត្ររដ្ឋ ជាមួយនឹងករណីសិក្សារបស់ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន ២). ការអភិវឌ្ឍទីផ្សារបន្ទាប់របស់មូលបត្ររដ្ឋជាមួយនឹងករណីសិក្សារបស់ប្រទេសម៉ាឡេស៊ី និងថៃ ព្រមទាំង ៣). ក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងមូលបត្ររដ្ឋ។
ជាមួយគ្នានេះ កម្មវិធីក៏មានវេទិកានៃកិច្ចពិភាក្សាជាក្រុម (Penal Discussion) ពាក់ព័ន្ធនឹងការអភិវឌ្ឍទីផ្សារមូលបត្ររដ្ឋ បទប្បញ្ញត្តិ និងការគ្រប់គ្រងបំណុលសាធារណៈផងដែរ។
សិក្ខាសាលាខាងលើ មានសិក្ខាកាមចូលរួមសរុប ១៣០ នាក់ ដែលមានសមាសភាពជាថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ក្នុងវិស័យមូលបត្រ ក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ធនាគារពាណិជ្ជ ក្រុមហ៊ុនធានារ៉ាប់រង និង គ.ម.ក. ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញ ដោយវាគ្មិនកិត្តិយសដែលមានបទពិសោធន៍ អនុវត្តការងារជាក់ស្តែងយូរឆ្នាំ និងជាអ្នកតំណាងជាន់ខ្ពស់ មកពីក្រសួងសេដ្ឋកិច្ចនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ការិយាល័យរតនាគារជាតិ នៃប្រទេសហ្វីលីពីន ទីភ្នាក់ងារកំណត់តម្លៃសញ្ញាបណ្ណម៉ាឡេស៊ី សមាគមទីផ្សារសញ្ញាបណ្ណថៃ និងវិទ្យាស្ថានស្រាវជ្រាវ Nomura ផងដែរ៕