ឃាត់ជនសង្ស័យ៣នាក់ ជួញដូរគ្រឿងញៀនជិត១០គីឡូក្រាម
បន្ទាយមានជ័យ៖ នគរបាលបាលខេត្តបន្ទាយមានជ័យបានបង្ក្រាបមុខសញ្ញាគ្រឿងញៀន ៣នាក់ ដកហូតវត្ថុតាងគ្រឿងញៀនចម្រុះប្រមាណជាជិត១០គីឡូក្រាម។
កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្រី១នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនចម្រុះប្រមាណជាជិត១០គីឡូក្រាម ពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ ។
លទ្ធផលនៃប្រតិបត្តិការ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង២០និង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ៣នាក់ ទី ១- ឈ្មោះ ទី យៀង ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ , ទី២- ឈ្មោះ ហុង ម៉េង ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ និង ៣- ឈ្មោះ សេង ដាលីសិទ្ធ ហៅ ចិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ។
បន្ទាប់មកសមត្ថកិច្ចសហការឈានត្រួតពិនិត្យ និងឆែកឆេរស្វែងរកវត្ថុតាងទាំងពីរទីតាំង ។ ទីតាំងទី១ ចំណុច ផ្ទះជួលរបស់ឈ្មោះ ទី យៀង ភេទស្រី ភូមិក្បាលស្ពាន ១ សង្កាត់ / ក្រុងប៉ោយប៉ែត ។
វត្ថុតាងចាប់យកមាន ៖ ចំនួន២( ពីរ ) វ៉ាលីសសង្ស័យសារធាតុញៀនមិនទាន់រាប់ចំនួនច្បាស់លាស់ ។ ទីតាំងទី ២ ចំណុចបន្ទប់ជួលរបស់ឈ្មោះ សេង ដាលីសិទ្ធ ភេទប្រុស ស្ថិតក្នុងភូមិបាលិលេយ្យ ១ សង្កាត់ / ក្រុងប៉ោយប៉ែត – សម្ភារៈវត្ថុតាងចាប់យករួមមានៈ ចំនួន ១ កេសដែកសង្ស័យសារធាតុញៀនមិនទាន់រាប់ចំនួនជាក់លាក់ ៕
លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា ការបង្ក្រាបមុខសញ្ញាគ្រឿងញៀន និងវត្ថុតាងទ្រង់ទ្រាយធំនេះ បានធ្វើឡើងក្រោមវិធានបច្ចេកទេសចំនួន២ទីតាំង ហើយបន្តឆែកឆេរពិនិត្យ រាប់និងថ្លឹង តែមិនទាន់បញ្ជាក់បរិមាណជាក់លាក់បាននៅឡើយ ៕