ម៉ៃ សុគន្ធ រិះគន់ លោកខេមរៈសិរីមន្ត រឿងជិះអេលីកុកទែរមកចុះកុងត្រារកស៊ីដី , សិរីមន្ត ប្តឹង សុគន្ធ ទៅតុលាការ
ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀង លោក ខេមរៈ សិរីមន្ត ដែលជាតារាល្បីនៅក្នុងប្រទេសកម្ពុជា បានសម្រេចចូលហ៊ុនរកស៊ីរួមគ្នាក្នុងទឹកប្រាក់ ១០លានដុល្លារ លើគម្រោងពុះដីឡូត៍លក់ ជាមួយ ឧកញ៉ា លោក ឡេង ណាវ៉ាត្រា ។
ករណីនេះ ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់តារាចម្រៀងដូចគ្នា គឺលោកម៉ៃ សុគន្ធ ។ លោកម៉ៃ សុគន្ធ បានសរសេរលើផេកហ្វេសប៊ុកថា ត្រឹមអ្នកចម្រៀងសោះ ធ្វើឫកខ្លាំងជាងឧកញ៉ាទៀត ជិះសុទ្ធតែអេលីកុកទែរ ប្រៀបដូចទៅនឹងក្ងោក។ ជាមួយសារបែបចំអកឡកឡឺយបែបនេះ បានធ្វើឲ្យខេមរៈសេរីមន្តក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ហើយបានឆ្លើយតបភ្លាមទៅនឹងម៉ៃ សុគន្ធ ដោយបានប្រកាសប្តឹងទៅតុលាការ ចាត់ការតាមច្បាប់។
ក្នុងសាររបស់ម៉ៃ សុគន្ធបានសរសេរក្នុងផេកហ្វេសប៊ុកថា “ត្រឹមតែទៅលក់ដីនៅ ម្តុំវាលស្រែមួយរយសោះ ជិះសុទ្ធតែអេលីកុកទែរ (ឧទ្ធម្ភាគចក្រ) មើលតែទៅលក់ពេជ្រនៅឌូប៊ៃ ។ Bodia ថ្មីជានិច្ច អ្នកមានជាន់ថ្មីជាន់ដី អាលាក់ហើយ។
ឃើញថាឧកញ៉ាល្បីៗមួយចំនួនធំ ដែលមានរបរបើកលក់ដីឬបុរី គាត់នៅតែរក្សាជំហរដដែល មិនសម្បើម ដូចចឹងសោះ
ចំឡែកអី តែអ្នកចម្រៀងយើង បានចឹងគេប្រៀបធៀបទៅនឹង ក្ងោក មិនខុសមែន។ ជូនដល់អ្នកសិល្បៈមួយចំនួន ដែលមានចារឹក ដូច ក្ងោក ប្រហែលគាត់គិតថាផ្លូវស្រុកខ្មែរ ជិះឡាន លែងកើតហើយ”។
ជាមួយករណីនេះ លោក ខេមរៈ សិរីមន្ត បានឆ្លើយតបវិញយ៉ាងក្តៅៗទាន់ចិត្ត ទៅតារាចម្រៀង ម៉ៃ សុគន្ធវិញថា “មេធាវីរបស់ខ្ញុំបានរៀបចំសំណុំបែបបទរួចអស់ហើយ បទល្មើសនឹងភស្តុតាង មានគ្រប់គ្រាន់អស់ហើយ គឺបទចោទ បទញុះញុង់មានជាអាទិ៍ បទធ្វើឲ្យប៉ះពាល់សិទ្ធនឹងផលប្រយោជន៍បុគ្គល។ ខ្ញុំមិនដែលគិតចង់មានបញ្ហា ជាមួយបុគ្គលម្នាក់នេះឡើយ តែគាត់ចង់បានបែបនេះ ដូច្នេះទទួលយកអ្វីដែលខ្លួន បានសាងបទល្មើសនេះចុះ”។
ទោះយ៉ាងណាក៏ដោយ តារាចម្រៀង ម៉ៃ សុគន្ធ បានផ្ញើសារឆ្លើយតបទៅ ខេមរៈ សិរីមន្តវិញផងដែរថា “លេងឫក ធ្វើដូចអ្នកឧកញ៉ាល្បី មានបុរីរាប់ភ្លេចក្នុងភ្នំពេញ មិនស្មើខ្លួន ចាស្ទីនកូពី។ ដោយក្តីរីករាយ ស្គាល់ពាក្យ ប្រយោល ទេ ចាស្ទីនកូពី”។
សូមបញ្ជាក់ថា ដោយលោក ខេមរៈសិរីមន្ត បានធ្វើរឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយតារាចម្រៀងរូបនេះបានជិះ ឧទ្ធម្ភាគចក្រ ដើម្បីមកចុះកុងត្រារកស៊ីដីធ្លីជាមួយឧកញ៉ា ឡេង ណាវ៉ាត្រា។ លើតម្លៃ១០លានដុល្លារ តារាចម្រៀងរូបនេះ នឹងរកស៊ីដីធ្លី៣កន្លែង ទំហំជាង ៤០ ហិកតា៕