ក្រសួងបរិស្ថានប្រគល់រថយន្តដឹកសំរាម ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ រថយន្ដដឹកសំរាមចំនួន៣គ្រឿង ត្រូវបានក្រសួងបរិស្ថានប្រគល់ជូន អាជ្ញាធរខេត្ដចំនួន៣ គឺសៀមរាប ,ព្រៃវែងនិងកំពង់ចាម យកទៅបម្រើវិស័យបរិស្ថាន។ពិធីនេះមានការចូលរួមពី លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅទីស្តីការក្រសួង ថ្ងៃពុធ០៩កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២០។
លោក ចាយ សាមិត្ត បានបញ្ជាក់ថា៖ តាមរយៈគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការធ្វើកំណែទម្រង់ការងារវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងបរិស្ថានបានប្រគល់ធនធានសម្ភារ នូវរថយន្តដឹកសំរាម ចំនួន ០៣គ្រឿង ជូនរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ,រដ្ឋបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម និងរដ្ឋបាលក្រុងព្រៃវែង ខេត្តព្រៃ វែង ក្នុងគោលដៅធានាបានកិច្ច គាំពារបរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង។
ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ទាំងស្មារតី និងសម្ភារៈ ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាជំរុញការអនុវត្តមុខងារដែលត្រូវបានប្រគល់ជូនឱ្យបានល្អ និងមានប្រសិទ្ធិភាព។ ជាក់ស្តែង ការប្រគល់ជូនរថយន្តនាពេលនេះ គឺជាការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ជាមធ្យោបាយក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជនស្រុក/ក្រុងឱ្យមានប្រសិទ្ធិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក ចាយ សាមិត្ត បានផ្តាំផ្ញើដល់រដ្ឋបាលក្រុង/ស្រុក ដែលបានទទួលរថយន្តនាពេលនេះ ត្រូវមានឆន្ទៈការងារ និងចូលរួមប្រើប្រាស់រថយន្តឱ្យមានប្រសិទ្ធិភាពខ្ពស់៕ សំរិត