ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរិស្ថាន គ្រោងបំពាក់អំពូលសូឡានៅតាមសាលារៀននៅខេត្តព្រះសីហនុ

69

នៅរសៀលថ្ងៃទី២២ខែធ្នូឆ្នាំ២០២០ ការបណ្តុះបណ្តាលបច្ចេកទេសដំឡើងអំពូលសូឡានិងបរិក្ខាមួយមួយចំនួនទៀតដែលជាអំណោយរបស់ក្រសួងអេកូឡូស៊ីនិងបរិស្ថានចិន ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ។

ការបណ្តុះបណ្តាលបច្ចេកទេសស្តីអំពីរបៀបដំឡើងប្រព័ន្ធអំពូលសូឡាបំភ្លឺផ្លូវ សូឡាpv និងម៉ូតូប្រើអាគុយនេះ មានមន្ត្រីតំណាងក្រុង/ស្រុកទាំងអស់នៃខេត្តព្រះសីហនុ បានចូលរួមដោយមានអ្នកជំនាញមកពីចិនបានធ្វើបទបង្ហាញដោយផ្ទាល់។

សម្ភារៈដែលគ្រោងផ្តល់ជូនមាន៖១.អំពូលដាក់ តាមផ្លូវ២៨០០ 

២.អំពូលបំពាក់តាមអគារចំនួន ២០០ សម្រាប់ផ្តល់ជូនតាមសាលាគោលដៅនៅខេត្តព្រះសីហនុ។

៣.ម៉ូតូប្រើអាគុយចំនួន២០០គ្រឿង សម្រាប់ចែកជូនមន្ត្រីតាមមន្ទីរបរិស្ថានទូទាំងប្រទេស។

៤.ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ ផងដែរ។

សម្ភារៈទាំងអស់នេះបើគិតជាថវិកាប្រមាណ៣លានដុល្លារ ជាអំណោយរបស់ក្រសួងអេកូឡូស៊ីនិងបរិស្ថានចិន ប្រគល់ជូនក្រសួងបរិស្ថានកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការក្នុងការចូលរួមអភិវឌ្ឍប្រកបដោយចីរភាពនិងការបញ្ចេញកាបូនទាប។ 

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អបអសាទរដល់ក្រសួងបរិស្ថាន បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់ក្រុមបច្ចេកទេសក្រុង ស្រុកទាំង ៥ របស់ខេត្តព្រះសីហនុ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខ្លាំងដើម្បីចូលរួមអភិវឌ្ឍខេត្តព្រះសីហនុ អោយក្លាយជាប៉ូលសេដ្ឋស្របតាមបំណងរដ្ឋាភិបាល។

ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាក្រុមការងារ ទទួលបន្ទុកជួយវិស័យអប់រំខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាប៉ូលមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ មានរាជធានីភ្នំពេញ ខេត្តសៀមរាប។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានតែងស្វះស្វែងកៀរគររកជំនួយពីប្រភពផ្សេងៗដើម្បីរួមចំណែកគាំទ្រការអប់រំបណ្តុះធនធានមនុស្សនៅខេត្តព្រះសីហនុ។ឯកឧត្តម ចង់ឃើញយុវជនខេត្តព្រះសីហនុ មានចំណេះ ជំនាញ បំនិនប្រសប់ មានសមត្ថភាព និងទទួលបានឱកាសការងារច្រើនពីការអភិវឌ្ឍនៅខេត្តនេះផ្ទាល់។

តាមរយៈការបណ្តុះបណ្តាលខ្លីនាថ្ងៃនេះសង្ឃឹមថាសិក្ខាកាមទាំង៥ ក្រុង ស្រុក ទទួលបានចំណេះដឹងថ្មីបន្ថែមទៀតយកទៅធ្វើការដំឡើង ថែរក្សាជួសជុលប្រព័ន្ធសូឡាឱ្យមានប្រសិទ្ធភាពធានាការប្រើប្រាស់បានយូរអង្វែង៕

 

អត្ថបទដែលជាប់ទាក់ទង