ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើមឈើ​ដ៏​ធំ​មួយ​ដើម នៅ​តំបន់​អង្គរ ដួលរលំ​ក្នុងព្រៃ​ដោយ​ខ្លួនឯង ឬ​វា​ត្រូវគេ​កាត់​

55

 

​សៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ពិនិត្យឃើញថា គណនី Facebook ឈ្មោះ Bun Von បាន​សរសេរ​ខ្លឹមសារ និង​រូបភាព បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ថា ” នៅ​សៀមរាប​យូរហើយ ទើបតែ​ឃើញ​ដើមឈើ​ដ៏​ធំ​មួយ​ដើម នៅ​តំបន់​អង្គរ ដែល​បាន​ដួលរលំ​ក្នុងព្រៃ កុំ​សួរ​ខ្ញុំ​ថា​វា​ដួលរលំ​ដោយ​ខ្លួនឯង ឬ​វា​ត្រូវគេ​កាត់ …” និង​គណនី​ឈ្មោះ ounneang 2010 បានធ្វើ​វីដេអូ​ឃ្លី​បម​កប​ង្ហោះ​ផ្សព្វផ្សាយ ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook និង Tik Tok ថា ” ថ្ងៃនេះ​មកលេង​អង្គរវត្ត តែ​គេ​មិន​ឲ្យ​ថត​”​។​

អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ដើម្បី​ចៀសវាង​សាធារណជន​អ្នកសារព័ត៌មាន និង​ពិសេស​អ្នក​និយម ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម មានការ​យល់ច្រឡំ អាជ្ញាធរ​ជាតិ​អប្សរា សូម​ធ្វើការ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ​ស្រាវជ្រាវ និង​សូម​បញ្ជាក់ជូន​ថា ដើមឈើ​ទាល ១​ដើម មានមុខ​កាត់​ទំហំ ១២០​សង់ទីម៉ែត្រ កម្ពស់ ៣០​ម៉ែត្រ ត្រូវបាន​ដួលរលំ​នៅ​ផ្នែក​ខាងជើង​ប្រាសាទតាព្រហ្ម ដោយ​មូលហេតុ​ជំងឺ​ពុក​គល់​ខ្លាំង និង​ដោយសារ​ភ្លៀងខ្យល់ ក្នុង​រដូវវស្សា​ឆ្នាំ​២០២០​នេះ​។ នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាននិងកំពុង​កាត់​សម្អាត និង​អារច្រៀក ក្នុងនោះ​កំណាត់ឈើ​ដែល​អាច​ប្រើប្រាស់​បាន គឺមាន​ប្រវែង​ប្រហែល​១៥​ម៉ែត្រ​ប៉ុណ្ណោះ​។​

​អាជ្ញាធរ​ជាតិ​អប្សរា សូម​ជម្រាបជូន​ថា ជាទូទៅ​មុននឹង​ធ្វើការ​កាត់​ដកហូត​ដើមឈើ​ទាំងមូល កាត់​ដកហូត​ដើមឈើ​ពាក់កណ្ដាល​ដើម និង​កាត់​ក្រី​មែកឈើ ដែលមាន​ហានិភ័យ​ខ្ពស់ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​អប្សរា តែងតែ​ជូនដំណឹង​មុន​ឲ្យ​សាធារណជន​បាន​ជ្រាប និង​ក៏បាន​បញ្ជាក់ជូន​ផងដែរ នូវ​កាលបរិច្ឆេទ និង​ទីតាំង​ច្បាស់លាស់​។​

​អាជ្ញាធរ​ជាតិ​អប្សរា សូម​ឆ្លើយតប​ជូន​គណនេយ្យ Facebook ឈ្មោះ ounneang 2010 ថា អាជ្ញាធរ​ជាតិ​អប្សរា ពុំមាន​គោលការណ៍ ក្នុងការ​ហាមឃាត់ ការថត​វីដេអូ​ដាក់​ក្នុង​បណ្តាញ Tik Tok នោះទេ ទោះបីជា​យ៉ាងណា សកម្មភាព​ទស្សនា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ គឺ​ត្រូវគោរព​អនុវត្តតាម​ក្រម​ប្រតិបត្តិ​អង្គរ ដែល​បានដាក់​ឲ្យ​អនុវត្ត​ចាប់ពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៥ ។​

​អាជ្ញាធរ​ជាតិ​អប្សរា សូម​ថ្លែងអំណរគុណ​សាធារណជន អ្នកសារព័ត៌មាន និង​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការ​ផ្តិត​យក​រូបភាព​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ពិសេស​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មាន​ចំណាប់អារម្មណ៍ និង​កំណត់​គោលដៅ​ទស្សនកិច្ច នៅ​រមណីយដ្ឋាន​អង្គរ និង​ក៏​សូម​សំណូមពរ ដល់​មហាជន សូមមេត្តា​ចៀសវាង​ធ្វើការ​សន្និដ្ឋាន វាយតម្លៃ​រឿងហេតុ ខ្វះ​ការ​ស៊ើប​បញ្ជាក់ ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​មន្ត្រី និង​អាជ្ញាធរ​ជាតិ​អប្សរា​៕

អត្ថបទដែលជាប់ទាក់ទង