ប្រជាពលរដ្ឋចំនួន ១៦នាក់ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ហើយធ្វើតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ទទួលបានថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ប្រជាពលរដ្ឋ ចំនួន ១៦នាក់ ស្រី ០៨នាក់ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងបានធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃពេញ ហើយធ្វើតេស្តអវិជ្ជមានវីរុសកូវីដ-១៩ បាន ទទួលថវិកាឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាម រយៈលោក ថេង សុថុល អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីអភិបាល រងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១, រដ្ឋបាលសង្កាត់ផ្សារដើម ថ្កូវ និងមន្ត្រីពាក់ព័ន្ធ ។
លោក ថេង សុថុល បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានទទួលថវិកាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងបានប្រគល់មកដល់រដ្ឋបាលខណ្ឌចំការមន សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋមានជីវភាព ខ្វះខាត ដែលបានរងផលប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដោយពលរដ្ឋខ្លះ បានធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃពេញ និងបានធ្វើតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ផងដែរ ។
លោកអភិបាលខណ្ឌ បានបញ្ជាក់ជូនបងប្អូនពលរដ្ឋថា ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុង អំឡុងពេលធ្វើចត្តាឡីស័កនេះ ប្រមុខរាជរដ្ឋាភិបាល បានគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ក្នុង ព្រឹត្តិការណ៍សហគមន៍នេះ ដោយបានឧបត្ថម្ភថវិកាដល់ពលរដ្ឋដែលធ្វើចត្តាឡីស័កនេះ ក្នុងម្នាក់ៗចំនួន ៣០ម៉ឺនរៀល ក្នុងរយៈពេល១៥ថ្ងៃ ដោយផ្តោតសំខាន់លើគ្រួសារជួបការលំបាក ។
ជាមួយគ្នានេះ លោក ថេង សុថុល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះរស់នៅក្នុងបរិបទថ្មី ដោយអនុវត្តឲ្យ បានតឹងរឹងបំផុតចំពោះវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវផ្សព្វផ្សាយបន្តជូនដល់ គ្រួសារប្រជាពលរដ្ឋផ្សេងទៀត ដែលបានត្រឡប់មកពីក្រៅស្រុក ត្រូវតែអនុវត្តនូវវិធានការចត្តាឡីស័ក ដើម្បីសុខភាព ខ្លួនឯង គ្រួសារ និងសង្គមទាំងមូល ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កុំឱ្យកើតមានក្នុងសហគមន៍ ហើយ ប្រសិនបើនៅក្នុងមូលដ្ឋាន មានការសង្ស័យថា មានអាការៈខុសប្រក្រតីត្រូវរាយការណ៍មកមន្ត្រីសុខាភិបាល ឬអាជ្ញាធរ ដែលនៅជិតបំផុត និងធ្វើការផ្តល់ព័ត៌មានឲ្យបានឆាប់រហ័ស ដើម្បីជួយគ្នាទប់ស្កាត់ និងព្យាបាលបានទាន់ពេលវេលា ។
ក្នុងឱកាសនេះដែរ ក្រៅពីថវិកាឧបត្តម្ភរបស់សម្ដេចតេជោ ហ៊ុន សែន, លោកអភិបាលខណ្ឌចំការមន ក៏បាននាំយកអង្ករ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង ១៦នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ១បាវ ទម្ងន់ ២០គីឡូក្រាម និងម៉ាសចំនួន ១០ម៉ាសផងដែរ ៕