ទឹកជំនន់ទន្លេមេគង្គខេត្តកំពង់ចាម បានបន្តឡើងដល់១៥និង២៤ម៉ែត្រ លើសកម្រិតកម្ពស់ប្រុងប្រយ័ត្នហើយនៅល្ងាចថ្ងៃនេះ
ភ្នំពេញ៖ ទឹកជំនន់ទន្លេមេគង្គខេត្តកំពង់ចាម បានបន្តហក់ឡើងដល់១៥និង២៤ម៉ែត្រ លើសកម្រិតកម្ពស់ប្រុងប្រយ័ត្នហើយនៅល្ងាចថ្ងៃទី០៩ សីហានេះ ។ពាក់ព័ន្ធនឹងបញ្ហានេះ លោកគួច ចំរើន អភិបាលខេត្តកំពង់ចាមបានអំពាវនាវអោយប្រជាពលរដ្ឋដែលរស់តាមដងទន្លេ ទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហេតុការណ៍ចៃដន្យណាមួយ ដែលបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត នៃគ្រោះទឹកជំនន់នេះ។
លោកគួច ចំរើន បានមានប្រសាសន៍ថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី០៩ សីហានេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តឡើងដល់១៥និង២៤ម៉ែត្រ លើសកម្រិតកម្ពស់ប្រុងប្រយ័ត្ន ១៥និង២០ម៉ែត្រ ដូច្នេះសូមប្រជាពលរដ្ឋដែលរស់តាមដងទន្លេ ទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហេតុការណ៍ចៃដន្យណាមួយ ដែលបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត ពិសេសប្រុងប្រយ័ត្នខ្ពស់ចំពោះ កុមារ ជនពិការ និងចាស់ជរា និងសូមប្រុងប្រយ័ត្នចំពោះសត្វពស់ចឹក ហើយករណីមានសត្វពស់ចឹក សូមបញ្ជូនជនរងគ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់សម្រាប់ព្យាបាល។
ការបញ្ជាក់អោយដឹងខាងលើនេះបានធ្វើឡើងកាលពី
រសៀលថ្ងៃទី០៩ សីហានេះ ខណៈដែលលោកដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ ស្ថានភាពទឹកជំនន់ និងច្រាំងទន្លេតាមដងទន្លេមេគង្គក្រុងកំពង់ចាម និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវត្រួតពិនិត្យជាប្រចាំ ក្នុងករណីស្ថានភាពបន្ទាន់ ត្រូវជួយសង្គ្រោះប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា៕